(ភ្នំពេញ)៖ នៅរសៀលថ្ងៃច័ន្ទ ៣កេីត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ សម្តេចព្រះពោធិ៍វង្ស អំ លីមហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចំពុះក្អែក អមព្រះដំណើរដោយសម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល, ព្រះញាណវង្ស សៅរ៍ មុនី ព្រះគ្រូអនុគណខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកចៅសង្កាត់ មេភូមិ បាននិមន្តចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៦០គ្រួសារ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អំណោយសម្តេចព្រះពោធិ៍វង្ស អំ លីមហេង នាំយកទៅចែកជូនប្រជាពលរដ្ឋទាំង៦០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ, មី ១កេស, ត្រីខ ១ឡូ, ទឹកដោះគោ ២កំប៉ុង, ស្កស ១គីឡូ និងថវិកាចំនួន ១៧០,០០០រៀល។ ដោយក្នុងនោះសម្តេចព្រះពោធិ៍វង្ស បានបរិច្ចាគបច្ច័យផ្ទាល់ព្រះអង្គចំនួន ១០ម៉ឺនរៀល និងសម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ចំនួន ៥ម៉ឺនរៀល និងព្រះញាណវង្ស សៅរ៍ មុនី ចំនួន២ម៉ឺនរៀលផងដែរ៕