(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ជីបម៉ុង ទាំងអស់ដែលបានផ្តួចផ្តើមយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ នៅក្នុងកំឡុងពេលដែលកម្ពុជាកំពុងជួបគ្រោះមហន្តរាយទឹកជំនន់។

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ជីបម៉ុង ដែលបានប្រគល់ជូនលោក ហ៊ុន ម៉ាណែត នាពេលនេះរួមមានថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករចំនួន២០០តោន ទឹកសុទ្ធ៣០០០កេស ភេសជ្ជៈទឹកក្រូចទាំង៣ រសជាតិ (IZE Cola, IZE Fruit Punch និង IZE Lemon) ចំនួន១០០០កេស និងភេសជ្ជៈប៉ូវកម្លាំង វើក ៥០០កេស។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «យុទ្ធនាការទឹកចិត្តកម្ពុជានេះ” គឺការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ»។

លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅក្នុងជំនួបសម្តែងការគួរសម និងប្រគល់ជូនអំណោយរវាងថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ដែលដឹកនាំដោយអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង ដើម្បីយកទៅប្រើប្រាស់សកម្ម មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់។

អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ «ការឧបត្ថម្ភជាថវិកា និងសម្ភារៈនៅពេលនេះគឺដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងបច្ចុប្បន្នភាពនៃគ្រោះទឹកជំនន់និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងកងកម្លាំងប្រដាប់អាវុធក្នុងគ្រាមានអាសន្ននេះ»។

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» គឺជាយុទ្ធនាការផ្ដួចផ្ដើមឡើងដោយទឹកបរិសុទ្ធកម្ពុជាដែលជាផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង៕