(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ សម្តេចតេជោនឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យ និងដោះស្រាយដោយផ្ទាល់ចំពោះ ស្ថានភាពទឹកជំនន់នៅទីនោះ ដែលកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចអាចនឹងសម្រាកនៅទីនោះ១យប់ ឬ២យប់ ដើម្បីតាមដាន និងដោះស្រាយស្ថានភាពធ្ងន់ធ្ងររបស់​ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជា​ប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់។

របាការណ៍បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងប៉ះពាល់ដូចខាងក្រោម៖

* ប៉ះពាល់១៩ រាជធានី-ខេត្ត ស្មើ៩១ក្រុង/ស្រុក/ខណ្ឌរួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ
* ប៉ះពាល់ប្រជាជនប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់
* ប្រជាជនជម្លៀសប្រមាណ ៩,៣៤៩គ្រួសារ ស្មើប្រមាណ ៣៧,៣៩៦នាក់ ប្រជាជនស្លាប់២៥នាក់
* ផ្ទះប៉ះពាល់ប្រមាណ ៧៣,៧២០ខ្នង និងខូចខាត ៥៦ខ្នង
* សាលារៀនលិចទឹកប្រមាណ ៥៦៨កន្លែង
* ស្រូវលិចទឹកប្រមាណ ២១៣,២៨៩ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩,៨៨៨ហិកតា
* ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គីឡូម៉ែត្រ
* ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៦៧ គីឡូម៉ែត្រ
* ទំនប់ ប៉ះពាល់ប្រមាណ ២៤ គីឡូម៉ែត្រ
* ប្រឡាយមេ ប៉ះពាល់ប្រមាណ ១៩៧.៣ គីឡូម៉ែត្រ
* ប្រឡាយរង ប៉ះពាល់ប្រមាណ ១៤១.៦ គីឡូម៉ែត្រ
* ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៨៥.៩ គីឡូម៉ែត្រ៕