(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ជនជាតិចិន៦នាក់ ដែលត្រូវពិនិត្យឃើញមានផ្ទុកមេរោគកូវីដ១៩ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ គឺពុំមែនឆ្លងចេញពីប្រទេសកម្ពុជានោះទេ។

ប្រតិកម្មរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនថា មានជនជាតិចិន៦នាក់ ត្រូវបានពិនិត្យឃើញមានវិជ្ជមានជំងឺកូវីដ១៩ ក្រោយពេលចាក ចេញពីប្រទេសកម្ពុជា។

បើតាមលោកស្រី យក់ សម្បត្តិ, គឺជនជាតិចិនទាំងនោះ ត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ច្បាស់លាស់ ដោយ
ក្រសួងសុខាភិបាល បានធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ លើខ្លួនជនជាតិចិនទាំង៦នាក់នោះ ចំនួន២ដងរួចទៅហើយ ហើយលើកចុងក្រោយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដោយលទ្ធផល មិនមានវិជ្ជមានមេរោគកូវីដ១៩នោះឡើយ។

លោកស្រីបានបន្តថា ក្រោយពីទទួលបានព័ត៌មាននេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានយកសំណាកចាស់របស់ជនជាតិចិនទាំង៦នាក់ ទៅធ្វើតេស្តម្តងទៀត ហើយលទ្ធផលនៅតែអវិជ្ជមានដដែល។ ជាមួួយគ្នានេះក្រសួងសុខាភិបាលកម្ពុជា ក៏បានទាក់ទងទៅក្រុមជនបង្គោលនៃក្រសួងសុខាភិបាលចិន ដើម្បីឱ្យជួយស្រាវជ្រាវ និងពិនិត្យជាថ្មីម្តងទៀតឱ្យបានច្បាស់លាស់ផងដែរ។

លោកស្រី បានបណ្ជាក់បន្ថែមថា មិនថាតែជនជាតិចិនទេ រាល់អ្នកដំណើរដែលចាក ចេញពីកម្ពុជា ត្រូវតែមានការធ្វើតេស្ត ហើយត្រូវតែមានលទ្ធផលអវិជ្ជមាន ចេញពីមន្ទីរពិសោធន៍ PCR។ នៅពេលតេស្តអវិជ្ជមាន ទើបមានការចេញវិញ្ញាបនបត្របញ្ជាក់សុខភាព ហើយរាល់ជនជាតិចិនដែលចេញទៅ គឺតម្រូវឱ្យមានការបញ្ជាក់វិញ្ញាបនបត្រសុខភាពដូចគ្នា។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៩១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀតចំនួន៨នាក់៕