(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន ជូននាយករដ្ឋមន្រ្តីឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។
ការប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួនរបស់សម្តេចនៅពេលនេះ ធ្វើឡើងខណៈលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីប្រទេសឡាវ បានទូរស័ព្ទដោយផ្ទាល់សាកសួរសុខទុក្ខអំពីស្ថានភាពសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នឹងនាំយកម៉ាស់ និងបរិក្ខាពេទ្យដែលសម្រាប់បម្រើការងារលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទាំងអស់ ដឹកតាមយន្តហោះទៅកាន់ប្រទេសឡាវនៅព្រឹកថ្ងៃច័ន្ទ សប្តាហ៍ក្រោយ (បញ្ជីឈ្មោះបរិក្ខាពេទ្យនៅខាងក្រោម)។
កិច្ចសន្ទនាពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជាមួយ ជំងឺកូវីដ១៩ផងដែរ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការសាកសួរសុខទុក្ខរបស់នាយករដ្ឋមន្រ្តីឡាវ ខណៈសម្តេចកំពុងធ្វើចត្តាឡីស័ក។
ការផ្តល់ជំនួយនេះបានបង្ហាញពីទឹកចិត្តដ៏ធំធេងរបស់កម្ពុជានៅកាលៈទេសៈពេលនេះ ដែលពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។
សូមជំរាបថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអ្នកនៅជុំវិញ សម្តេចទាំងអស់ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ទទួលបានលទ្ធផល «អវិជ្ជមាន»។ សម្តេចតេជោបានបញ្ជាក់ដូច្នេះថា៖ «នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់»៕