(កណ្ដាល)៖ អភិបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល លោក អ៊ួច សៅវឿន បានព្រមានមេខ្យល់ប៉ុន្មាននាក់ ដែលបានដើរបង្កព្យុះភ្លៀងចាប់ដីសាធារណរដ្ឋរបស់រដ្ឋ និងចាប់ដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយរំលោភលើច្បាប់ទាំងកំរោល ត្រូវដកខ្លួនថយពីបញ្ហានេះ ហើយកុំប្រើរូបភាព «ឈ្នះបានដីចាញ់បានលុយ»។ បញ្ហាដីនេះកើតឡើងនៅភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោកអភិបាលស្រុកបានប្រាប់បន្ថែមមកភ្នាក់ងារ Fresh News ខេត្តកណ្ដាលនៅថ្ងៃទី១៤ ខែវិច្ឆិការថា កន្លងទៅលោកបានដឹកនាំកម្លាំងចម្រុះចុះអប់រំពលរដ្ឋដែលកំពុងភ័ន្តច្រឡំចំពោះការចាប់ដីរដ្ឋខុសច្បាប់នេះ ដោយលោកបានពន្យល់ពីនីតិវិធីច្បាប់នានា ដើម្បីស្នើឲ្យពលរដ្ឋកុំនៅតែបន្តយកដីរដ្ឋ និងដីឯកជនរបស់គេមកកាន់កាប់បែបនេះព្រោះវាផ្ទុយពីច្បាប់ ហើយអាចប្រឈមផ្លូវច្បាប់ផងដែរ។

លោក ឌិន ឌីន មេឃុំជើងកើបបានប្រាប់ Fresh News ថា ពលរដ្ឋដែលមកកាន់កាប់លើដីរដ្ឋទាំងបំពាននេះគឺកើតមានតាំងពីឆ្នាំ២០០២មកម្ល៉េះ ហើយពួកគាត់មិនមែនជាប្រជាពលរដ្ឋនៅមូលដ្ឋានឃុំរបស់លោកទេ ដោយពួកគាត់មកពីតំបន់ផ្សេងៗ ដោយផ្អើលនាំគ្នាមកចាប់យកប្រឡាយទឹក ចាក់ដីលុបប្រឡាយទឹកទាំងស្រុង ហើយចែកគ្នាកាន់កាប់ដោយមិនញញើតច្បាប់ ញញើតអាជ្ញាធរដែលបានចុះអប់រំជាច្រើនលើកបន្តិចសោះឡើយ។ ហើយថែមទាំងលើកគ្នាទាំងហ្វូងទៅកាន់អាជ្ញាធរស្រុក ដោយសុំលិខិតកាន់កាប់ដីសាធារណៈរបស់រដ្ឋថែមទៀតផង ខណៈអាជ្ញាធរមិនមានយល់ព្រមចំពោះសំណើររបស់ពួកគាត់ឡើយ។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រជាពលរដ្ឋដែលកំពុងរំលោភដីគេ និងដីរដ្ឋនៅតែរឹងទទឹងបន្តកាន់កាប់ទីតាំងដដែលដែលបញ្ហានេះ ឈានដល់កម្រិតប្រព័ន្ធតុលាការចុះអនុវត្តន៍វាស់វែងស្វែងការពិតកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដែលប្រតិបត្តិការនេះ ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល។

មន្រ្តីតុលាការ បានឲ្យដឹងថា ការចុះទៅស្រាវជ្រាវ វាស់វែង និងពិនិត្យករណីទំនាស់ដីធ្លីនេះ ក្រោយពីអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ១១៧៧អក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដែលមានដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ វឿន មធុរា ដែលជាម្ចាស់កម្មសិទ្ធិលើដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ០៨០១០៥០៥-០២៤៦ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០០៦ ដែលប្ដឹងថា មានប្រជាពលរដ្ឋ៩គ្រួសារ បានចូលមកកាន់កាប់ និងសង់សំណង់រំលោភលើដីកម្មសិទ្ធិរបស់ខ្លួន និងតាមរយៈបណ្ដឹងរបស់អាជ្ញាធរឃុំជើងកើប ដែលបានប្ដឹងថាមានប្រជាពលរដ្ឋអាណាធិបតេយ្យ មកពីតំបន់ផ្សេងមកសង់លំនៅដ្ឋានរំលោភលើដីសាធារណរបស់រដ្ឋត្រង់ចំណុចប្រឡាយទំនប់៩២ ស្ថិតនៅភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។ ក្នុងលិខិតគឺប្ដឹងឈ្មោះ ផល ស៊ីថុន , គីម សុភី, ផល សុផាត, ភិន ពន្លឺ, អៀវ ស៊ីនួន, ផល សំរេច, ប៉ុន ថានិត, គង់ ស៊ីណាត, និងឈ្មោះឈួន ពីបទៈ «រំលោភកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ» កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០។

មន្រ្តីបានបន្តទៀតថា ការចុះមកនេះក៏ដើម្បីសិក្សាឲ្យបានច្បាស់លាស់ថា តើនរណារំលោភដីនរណា ហើយស្ថានភាពពិតជាដូចការចោទមែន ឬមិនមែន និងដើម្បីកំណត់វាស់វែងមើលលើព្រុំដីឲ្យសមស្របទៅតាមប្លង់រឹងរបស់ម្ចាស់ដី ដើម្បីបញ្ជៀសការវាស់ចូលដីរដ្ឋ និងសិក្សាថាពលរដ្ឋរំលោភចូលដីគេក្នុងរូបភាពបែបណាជាដើម។

ជាមួយគ្នានេះ ក្រុមមន្រ្តីតុលាការ ក៏បានពន្យល់លម្អិតដល់ពលរដ្ឋឲ្យយល់ច្បាស់ពីអ្វីដែលពួកគាត់កំពុងប្រព្រឹត្តិមកលើដីរដ្ឋ និងដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃ ហើយថា បើសិនជាករណីវាស់វែងកំណត់ព្រុំដីដាក់បង្គោលបានត្រឹមត្រូវហើយ ហើយពលរដ្ឋធ្វើឲ្យខូចខាត ឬបង្កើតបញ្ហាទំនាស់ណាមួយទៀត ពួកគាត់អាចនឹងត្រូវប្រឈមផ្លូវច្បាប់ បើសិនភាគីម្ចាស់ដីប្ដឹងទៅតុលាការលើករណីនេះ។

ទោះយ៉ាងនេះក្ដី ជាក់ស្ដែងនៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ក៏ស្រាប់មានជនល្មើសមិនស្គាល់មុខ បាននាំគ្នាមកវាយកម្ទេចផ្ដួលបង្គោលព្រុំដីគេផងដែរ។

បើតាមតំណាងពលរដ្ឋឈ្មោះលោក ហ៊ិន ពន្លឺ និងអ្នកស្រី អ៊ាវ ស៊ីណាត បានអះអាងថា ពួកគាត់ទាំង២៨គ្រួសារ មកកាន់កាប់ស្នាក់នៅលើប្រឡាយទឹករបស់រដ្ឋដោយការចាក់ដីលុបហើយកាន់កាប់នេះ យូរមកហើយដោយទទួលស្គាល់ថា ពិតជាបានរស់នៅលើដីរដ្ឋពិតមែន ប៉ុន្តែជំទាស់ការរស់នៅលើដីឯកជនឡើយ ហើយបង្ហាញពីគោលជំហរថា មិនព្រមទទួលយកដំណោះស្រាយឈ្នះ-ឈ្នះអ្វីទាំងអស់ គឺសុខចិត្តរស់នៅលើដីនេះជាដាច់ខាត បើទោះបីអាជ្ញាធរបញ្ជាក់ថាចូលក្បាលដីឯកជនរបស់គេយ៉ាងណាក្ដី។

គួរជម្រាបជូនថា ចំពោះករណីរំលោភយកដីសាធារណរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជននៅចំណុចខាងលើនេះ ក៏ក្រុមបង្កចលាចលទាំងនេះធ្លាប់មានការតវាដើម្បីរំដោះគ្រឿងចក្រ និងតៃកុងឲ្យរួចខ្លួនចេញពីសមត្ថកិច្ចផងដែរ ក្នុងការចុះទៅទប់ស្កាត់ការឈូសឆាយលើដីនេះ លើដីការរក្សាការពារចេញដោយតុលាការខេត្តកណ្ដាលនាពេលកន្លងទៅ។ ទោះជាមានដីការរក្សាការពារយ៉ាងនេះហើយក្ដី ក៍មេខ្យល់នៅតែបំផុសឲ្យគូរកនជាកូនចៅនៅតែបន្ត គឃ្លើនរំលោភយកដីនេះដដែលក្នុងរូបភាពឈ្នះបានដីចាញ់បានលុយ។ នេះបើតាមការបង្ហើបឲ្យដឹងពីមន្ត្រីសាលាស្រុកកណ្ដាលស្ទឹងម្នាក់សុំមិនបញ្ចេញឈ្មោះ៕