(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្ថការិយាល័យ ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ នៅវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតថ្នាំ១១កញ្ចប់ ។

មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ លោក ជឹម ឫទ្ធី បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់រួមមាន ទី១. ឈ្មោះ ជា វណ្ណឌី ហៅខ្មៅ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់ជួលខាងលើ ទី២. ឈ្មោះ យឿន ចាន់ដារ៉ា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងទី៣.​ ឈ្មោះ  ហួត ស្រីល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាស្រីស្នេហ៌របស់ ឈ្មោះជា វណ្ណឌី។

ក្រៅពីការចាប់ខ្លួនជនសង្ស័យ និងដកហូតថ្នាំញៀនទាំង១១កញ្ចប់ កម្លាំងអាវុធហត្ថ​ក៏បានដកហូតទូរស័ព្ទ០១គ្រឿង កាបូបដាក់លុយ០១ មានលុយ២ដុល្លារ ជញ្ជីងថ្លឹងគ្រឿងញៀន០១ ប្រដាប់ចូក​០១ ថង់ច្រកថ្នាំមួយចំនួនធំ និងសម្ភារៈសំរាប់ប្រើប្រាស់មួយចំនួនទៀត។

​បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងទាំងអស់ខាងលើ ត្រូវបាន​បញ្ជូនទៅកាន់​ការិយាល័យ​ប្រឆាំងគ្រឿង​ញៀន អាវុធហត្ថរាជធានី​ដើម្បី​បន្តចាត់ការតាមនីតិវិធី ៕

 

Posted by Fresh News Photo on Wednesday, February 10, 2016