(បាត់ដំបង)៖ ប្រជាពលរដ្ឋចំនួន១ពាន់គ្រួសាររងគ្រោះទឹកជំនន់នៅស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមការងារដឹកនាំដោយលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ, លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួលមូលដ្ឋានស្រុកសង្កែ នាំអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកទៅចែកជូន។

ពលរដ្ឋទាំងនោះមកពី១០ឃុំក្នុងស្រុកសង្កែ នៅទីតាំង២កន្លែង គឺទីតាំងទី១ មានពលរដ្ឋចំនួន៦ឃុំ នៅចំណុចភូមិស្វាយធំ ឃុំអូរដំបង២ និងទីតាំងទី២ មានពលរដ្ឋ៤ឃុំ នៅចំណុចភូមិអូរមានី១ ឃុំអន្លង់វិលស្រុកសង្កែ។ ពិធីចែកអំណោយ បានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់
ដឹកនាំខេត្ត, ស្រុក,ឃុំ ក្រុមការងារ កងកម្លាំង និងប្រជាពលរដ្ឋរងគ្រោះចូលរួមផងដែរ។

លោក ដួង តារា បានសំណេះសំណាល និងនាំប្រសាសន៍ផ្តាំផ្ញើសួរសុទុក្ខ ជាមួយប្រជាពលរដ្ឋរងគ្រោះថា សម្តេចមិនដែលភ្លេចម្តងណាឡើយ អំពីសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ជាពិសេស បងប្អូននៅតាមមូលដ្ឋានដែលបានរងគ្រោះដោយទឹកជំនន់កន្លងទៅនេះ។

លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរសជន គ្រប់ទិសទី រួមសហការជាមួយកងកម្លាំងគ្រប់ប្រភេទ ចុះជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះតាមគ្រប់វិធី តាមជាក់ស្តែងដើម្បីដឹកជញ្ជូនពួកគាត់មកនៅទីទួលមានសុវត្តិភាពកន្លងមក។

លោកបន្តថា ទន្ទឹមនឹងគ្រោះទឹកជំនន់បានកន្លងផុតអស់ហើយ សូមបងប្អូនកុំភ្លេចនាំគ្នា ការពារទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានល្អ រក្សាអនាម័យផ្ទាល់ខ្លួន ដោយពាក់ម៉ាសជាប្រចាំ លាងសាប៊ូ គួរនៅឲ្យឆ្ងាយពីគ្នា គឺគម្លាតបុគ្គលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងការប្រមូលផ្តុំគ្នានៅក្នុងសហគមន៍ ដើម្បីជៀសវាងការឆ្លងមេរោគនេះ។

កាលពីខែតុលា កន្លងទៅ នៅព្រះរាជាណាចក្រកម្ពុជា បានទទួលរងគ្រោះដោយទឹកជំនន់ភ្លៀង ធ្វើឲ្យខូចខាតផលដំណាំស្រូវ រាប់ម៉ឺនហិកតា ធ្វើឲ្យពលរដ្ឋយើងទទួលរងគ្រោះ ខ្វះស្បៀងសង្រ្គោះត្រូវបន្ទាន់ផង ទើបរាជរដ្ឋាភិបាលបានអំពាវនាវដល់សប្បុរសជនបានចូលរួមយ៉ាងផុលផុស នាំគ្នាចុះជួយដោយផ្ទាល់ផងនិងដោយប្រយោលផងតាមរយ:ផ្តល់អំណោយជូនសម្តេចតេជោ សម្រាប់យកទៅចែកបន្តជូនពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ទីកន្លែងរហូតមក។

អំណោយដែលប្រជាពលរដ្ឋទទួលបានក្នុង ១គ្រួសារៗមាន អង្ករ២៥គីឡូក្រាម, ទឹកសុទ្ធ ១កេស, មី១កេស, ត្រីខកំប៉ុង១យួរ, អាវយឺត១, និងថវិកា៥ម៉ឺនរៀល៕