(ភ្នំពេញ)៖ ទោះបីព្រឹត្តិការណ៍ ៣វិច្ឆិកា បានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែវិធានការបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ១៩ របស់អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩។ នេះដោយសារ ពាក្យមួយឃ្លាថា «យើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនបានភ្លេចយើងនោះទេ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៉ីណា ឃួង ស្រេង បានចុះចែកម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនំ ជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង និងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ១៩។

លោក ឃួង ស្រេង បានថ្លែងថា ម៉ាសនេះដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន ផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាសដែលអាចបោកទឹកបាន ហើយក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅមានអនាម័យ សម្អាតខ្លួនប្រាណ ពិសេសគឺការលាងដៃនឹងសាប៊ូ ជែល និងពាក់ម៉ាសជាប្រចាំ។

លោកបន្តថា ព្រឹត្តិការណ៍៣វិច្ឆិកាបានបិទបញ្ចប់ទាំងស្រុងហើយ តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញគឺនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺនេះ៕