(ភ្នំពេញ)៖ យុវវិស្វករខ្មែរ លោក នៅ ឌីណា ប្រធានយុវវិស្វករកម្ពុជានៃគណៈវិស្វករកម្ពុជា ត្រូវបានជ្រើសតាំងឱ្យធ្វើជាអនុប្រធានក្រុមប្រឹក្សាយុវវិស្វករអាស៊ាន ដែលជាការបង្ហាញឱ្យឃើញពីការផ្តល់តម្លៃ និងទំនុកចិត្តចំពោះសមត្ថភាពយុវវិស្វករខ្មែរ។

ការជ្រើសតាំងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំវិស្វកម្មអាស៊ានលើកទី៣៨ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក នៅ ឌីណា បានដឹកនាំយុវវិស្វករកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនេះតាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះមានការចូលរូមពីប្រធាន និងតំណាង យុវវិស្វករមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងលេខាធិការដ្ឋានយុវវិស្វករអាស៊ានផងដែរ។

កិច្ចប្រជុំក្រុមប្រឹក្សាយុវវិស្វករអាស៊ានលើកទី២៧ និងកិច្ចប្រជុំវិស្វកម្មអាស៊ានលើកទី៣៨ តាមរយៈសន្និសីទវិដេអូពីចម្ងាយ (Video Conference) នៅប្រទេសវៀតណាម បានពិភាក្សាលើរបាយការណ៍ និងទិសដៅការងារបន្ត។

កិច្ចប្រជុំក៏មានគោលដៅ ចូលរួមចំណែកលើកកម្ពស់វិជ្ជាជីវៈវិស្វកម្មឱ្យកាន់តែប្រសើរឡើង, ពង្រឹងសមត្ថភាពវិជ្ជាជីវៈបច្ចេកទេសគ្រប់ជំនាញ និងពង្រីកធនធានមនុស្សអោយស្របតាមតម្រូវការសង្គមបច្ចុប្បន្ន និងអនាគត ជាពិសេសឧស្សាហកម្ម ៤.០ និងធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់។

កិច្ចប្រជុំ ក៏មានគោលដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអាស៊ាន និងអន្តរជាតិ និងឱ្យមានការទទួលស្គាល់គុណភាពអប់រំវិស្វកម្មនៅក្នុងតំបន់ និងបំពាក់បំប៉នជំនាញវីជ្ជាជីវៈដើម្បីអោយមានគោរម​ងារជាវិស្វករអាជីពជាតិ និងអន្តរជាតិ។

ជាលទ្ធផលកិច្ចប្រជុំនេះ បានឯកភាពលើសេចក្តីព្រាងរបាយការណ៍នៃកិច្ចប្រជុំក្រុមប្រឹក្សាយុវវិស្វករអាស៊ាន លើកទី២៧ ដើម្បីដាក់ជូនក្រុមប្រឹក្សាវិស្វកម្មអាស៊ាន ពិនិត្យ និងឯកភាព និងបន្តពិនិត្យលើបែបបទ និងនីតិវិធីសម្រាប់ការប្រកួតប្រជែងសមត្ថ​ភាពក្នុងវិស័យវិស្វកម្មរបស់យុវវិស្វករ ដើម្បីពិនិត្យ និងសម្រេចផ្តល់គ្រឿងឥស្សរយ​យស និងលិខិតសរសើរ​ជូនយុវវិស្វករម្នាក់ជារៀងរាល់ឆ្នាំសម្រាប់ប្រទេសនីមួយៗ។

កិច្ចប្រជុំក៏បានឯកភាពក្នុងការជំរុញ និងលើកទឹកចិត្ត ព្រមទាំងផ្តល់ឱកាស និងធនធានសម្រាប់យុវវិស្វករនៅក្នុងតំបន់ចូលរួមក្នុងកិច្ចប្រជុំយុវវិស្វករអាស៊ាន និងបានឯកភាពជ្រើសតាំងលោក នៅ ឌីណា ប្រធានយុវវិស្វករកម្ពុជា ជាអនុប្រធានក្រុមប្រឹក្សាយុវវិស្វករអាស៊ាន៕