(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័កព ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង លោករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង។ ជារួមបងប្អូនប្រជាកសិករកំពុងញាប់ដៃ ញាប់ជើងព្រោះស្រូវឲ្យបានទាន់ ពេលវេលា។

តាមការបញ្ជាក់ពីបងប្អូនប្រជាកសិករថា ពូជដែលទទួលបានមានដំណុះល្អ ហើយសង្ឃឹមថានឹងទទួលបានផលល្អ។ តាមរយៈលោករដ្ឋមន្ត្រី បងប្អូនប្រជាកសិករបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអំណោយដ៏ថ្លៃថ្លាជាពូជស្រូវរបស់សម្តេចតេជោ ហើយបានជូន ពរសម្តេច និងក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង៤ប្រការ។

លោករដ្ឋមន្ត្រីបានចូលរួមអបអរ ចំពោះសមកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករ ក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះសរបញ្ជាក់ឲ្យឃើញថា ពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញ បានទាន់ពេលវេលា ហើយសង្ឃឹមថា ពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់ លើការគ្រប់គ្រងទឹក និងឧស្សាហ៍ចុះស្រែដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមកាងាររាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកពូជស្រូវចំនួន ១៧១តោនដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន មកចែកជូនបងប្អូនប្រជាកសិករ។ មន្ទីរកសិកម្មខេត្តបានឲ្យដឹងថា លទ្ធផលនៃការស្តារដំណាំស្រូវនៅតាមបណ្តាស្រុក ក្រុងទាំង៦ គិតមកទល់ពេលនេះសម្រេចបានចំនួន ៤៦៦ហិកតា នៃផ្ទៃដីខូចខាតចំនួន ១ ៧៩២ ហិកតា ហើយកំពុងបន្តស្តារដំណាំស្រូវឡើងវិញ លើផ្ទៃដីដែលនៅសេសសល់៕