(ភ្នំពេញ)៖ ករណីអគ្គិភ័យឆាបឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៤ខ្នង ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិស្ពានខ្ពង់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៖៤០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចពន្លត់បានដោយជោគជ័យ មិនបង្កឲ្យមានការរីករាលដាលនៅកន្លែងផ្សេងក្បែរនោះឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់នគរបាលចំនួន១០គ្រឿង បានចេញមកអន្តរាគមន៍។

លោក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងករណីអគ្គិភ័យខាងលេីនេះ បានបំផ្លាញផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៤ខ្នង ក្នុងនោះរួមមាន ឈ្មោះ នូ សំបូរ ភេទស្រី អាយុ ៦២ឆ្នាំ មុខរបរ នៅផ្ទះ ខូចខាតផ្ទះទាំងស្រុង (ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ) ធ្វេីអំពីឈេីលេីថ្មក្រោម ប្រក់សង្ក័ និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន ៣ខ្នង។

- ម្ចាស់ផ្ទះទី១ ឈ្មោះ សុខ ម៉ាន ឆេះអស់ទាំស្រុង ម្ចាស់
- ម្ចាស់ផ្ទះទី២ ឈ្មោះ ឡុង វណ្ណសឿន ភេទប្រុស អាយុ ៤០ឆ្នាំ ឆេះប្រហែល 30%។
- ម្ទាស់ផ្ទះទី៣ ឈ្មោះ សុខ ស្រី ពៅ ភេទប្រុស

បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ១៤គ្រឿង ប្រើទឹកអស់ ១០ឡាន ។ ក្នុងនោះ រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១០គ្រឿង ប្រើទឹកអស់ចំនួន ៦ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុន សាវីមិច ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន, រថយន្តអគ្គិភ័យស្រាបៀរ ហ្គេនស៍បឺគ ចំនួន ១គ្រឿគ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន និងរថយន្តអគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន។

លោកនាយការិយាល័យរូបនេះ បានអះអាងទៀតថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យមានមនុស្សម្នាក់បានរងរបួសឈ្មោះ នូ សំបូរ ភេទស្រី អាយុ ៦២ឆ្នាំ ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានពន្លត់ចប់នាវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃដដែរ ចំពោះមូលហេតុ កំពុងតែធ្វេីការស្រាវជ្រាវ៕