(ភ្នំពេញ)៖ យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងសុខាភិបាលសូមប្រកាសតាមបណ្តាញព័ត៌មាន Fresh News ជូនសាធារណៈជ្រាបថា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។

លោកស្រី យក់ សម្បត្តិ បានថ្លែងបញ្ជាក់ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូចេ្នះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកស្រី យក់ សម្បត្តិ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការពាក់ម៉ាសជាការចាំបាច់បំផុតនៅពេលធ្វើដំណើរចេញក្រៅ និងឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាគុល និងសាប៊ូ ព្រោះការពាក់ម៉ាស និងលាងដៃជាវិធីដ៏ល្អសម្រាប់ការការពារដល់ខ្លួនយើង និងអ្នកដទៃពីជំងឺដ៏កាចសាហាវនេះ។

សូមជំរាបថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសឲ្យដឹងថា អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលរកឃើញវិជ្ជមាន២នាក់៖

* បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវមុនីវង្ស) ដែលបានប៉ះពាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំ ដែលរកឃើញវីរុសកូវីដ១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត រាជធានីភ្នំពេញ។

* ស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ) ជាបុគ្គលិកធនាគារកាឆេយូណាយធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕