(កំពង់ធំ)៖ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឱ្យបានស្រួល ស្របតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា និងអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ជូ កូល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះធ្វើការជួសជុលធ្វើឱ្យប្រសើរឡើងវិញផ្លូវ ៥០សេ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកាលពីពេលកន្លងមក។

លោក ជូ កូល្លា បានឱ្យប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះថាផ្លូវខេត្ត និងផ្លូវជាតិក្នុងខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ដោយ សារទឹកជំនន់ទឹកភ្លៀង ត្រូវបានធ្វើការជួសជុលឡើងវិញក្នុងនោះផ្លូវ ៥០សេ ជាផ្លូវឆ្លងកាត់ពីរីរួមខេត្តកំពង់ធំ ទៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានធ្វើការជួសជុលចាក់ ដីបំពេញក្រលុក និងកៀពង្រាបនូវដីគ្រួសក្រហមឡើងវិញដែលមានប្រវែង ១២គីឡូម៉ែត្រ ចាប់ពីគីឡូម៉ែត្រ៧ ដល់គីឡូម៉ែត្រ១៩ ។

លោក ជូ កូល្លា បន្តថា ការជួសជុលផ្លូវ៥០សេនេះ គឺចាប់ពីពាក់កណ្តាលខែវិច្ឆិកាមកម្លេះ ហើយការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋពីកំពង់ធំ ទៅកំពង់ឆ្នាំង មិនក្រោម ពី២០០រថយន្តនោះទេ ពិសេសរថយន្តដឹកកសិផលយកមកលក់នៅទីផ្សារ។ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សា និងចូលរួមទាំងអស់គ្នា កុំឱ្យដឹកលើសទម្ងន់នាំឱ្យផ្លូវឆាប់ខូចផងដែរ។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ៥០សេនេះ បានបង្ហាញភាពសប្បាយរីករាយដោយបានធ្វើដំណើរបានស្រួល និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលតែង តែខិតខំបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានស្រួល និងលើកជីវភាពគ្រួសាររបស់បួកគាត់ឲ្យបានប្រសើរឡើង។

គួរបញ្ជាក់ថា ផ្លូវជាតិ និងផ្លូវខេត្តក្នុងខេត្តកំពង់ធំ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងរួមមាន៖

* ខ្សែទី១៖ ផ្លូវខេត្ត២៦៤B មានប្រវែង ៥៧,៥០០ម៉ែត្រ ជាប្រភេទដីល្បាយថ្ម ចាប់ពីឃុំកំពង់ថ្ម ដល់ឃុំក្រយា ស្រុកសន្ទុក រងការខូចខាត ៤,៥០០ម៉ែត្រ។
* ខ្សែទី២៖ ផ្លូវខេត្ត២៦៤D មានប្រវែង ៧,៥០០ម៉ែត្រ ជាប្រភេទកៅស៊ូ DBST ចាប់ពីឃុំបន្ទាយស្ទោង ស្រុកស្ទោង រងការខូចខាត ៣,៦០០ម៉េត្រ។
* ខ្សែទី៣៖ ផ្លូវជាតិ៥០C មានប្រវែង ១៩,០០០ម៉ែត្រ ជាប្រភេទដីល្បាយថ្ម ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន រងការខូចខាត ១១,០០០ម៉ែត្រ។
* ខ្សែទី៤៖ ផ្លូវជាតិលេខ ៦ចាស់ មានប្រវែង ៥,០០០ម៉ែត្រ ជាប្រភេទកៅស៊ូ AC ក្នុងឃុំទ្រា ស្រុកស្ទោង រងការខូចខាត ១,៦០០ម៉ែត្រ។
* ខ្សែទី៥៖ ផ្លូវជាតិលេខ៦ មានប្រវែង ១៤,៤០៥០ម៉ែត្រ ជាប្រភេទកៅស៊ូ AC រងការខូចខាត ៤,៥០០ម៉ែត្រ ក្នុងស្រុកស្ទោង៕