(កោះកុង)៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សូមជម្រាបជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មេត្តាជ្រាបថា គណនីហ្វេសប៊ុកឈ្មោះ Bong Seyha បានធ្វើការបង្ហោះព័ត៌មានមួយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

តាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គណនីដែលបានផ្សព្វផ្សាយ មិនមែនជាគណនី ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកោះកុងទេ និងសូមថ្កោលទោសចំពោះជនទាំងឡាយណា ដែលបង្កើតព័ត៌មានក្លែងក្លាយ ធ្វើមានការភាន់ច្រឡំ និងធ្វើឲ្យបាត់បង់ទំនុកចិត្ត ពីបងប្អូនប្រជាពលរដ្ឋ មកលើសមត្ថកិច្ចផងដែរ។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ក៏សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងរូបភាពដែលបានផ្សព្វផ្សាយនេះ និងសូមអញ្ជើញម្ចាស់គណនីហ្វេសប៊ុក Bong Seyha ចូលមកធ្វើការបំភ្លឺ និងបកស្រាយ ព្រមទាំងសហការជាមួយសមត្ថកិច្ច ដើម្បីស្រាវជ្រាវស្វែងរក ជនដែលបានបង្កើតគណនីក្លែងក្លាយ ដោយបានប្រើប្រាស់រូបថត និងឈ្មោះថ្នាក់នាំ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុង សូមអំពាវនាវដល់សាធារណៈជន ដែលនិយមតាមដានបណ្ដាញសង្គម សូមបញ្ឈប់នូវការចែករំលែកនូវព័ត៌មាន ប្រឌិតទាំងនេះ និងចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវជនល្មើសមកផ្តន្ទាទោស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បងប្អូន ដែលបានយល់អំពីទង្វើទុច្ចរិតរបស់ក្រុមជនមួយក្តាប់តូចបាន និងកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បម្រើផលប្រយោជន៍ខ្លួនឯង ដែលធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕