(ភ្នំពេញ)៖ អំណោយរថយន្ដសង្គ្រោះបន្ទាន់ ទី៤២ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកបាទី ស្រុកបាទី ខេត្ដតាកែវ រួចរាល់ហើយ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងឧកញ៉ា លី ហៀក រតនា។

អភិបាលស្រុកបាទី លោក ភួន ឈីម បានថ្លែងថា «ក្នុងនាមខ្ញុំ តំណាងប្រជាពលរដ្ឋនៃខេត្ដតាកែវ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌ ដែលសម្ដេចតែងតែយកចិត្ដទុកដាក់ជួយទំនុបបំរុង និងសង្គ្រោះពលរដ្ឋងាយរងគ្រោះទាន់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនរើសអើង និងនិន្នាការនយោបាយអ្វីនោះឡើយ។ ខណៈនេះសម្ដេច ក៏បានបន្ដផ្ដល់នូវរថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងបន្ថែមទៀត ដល់មន្ទីរពេទ្យនៃខេត្ដតាកែវ ដើម្បីឆ្លើយតបទាន់ពេលវេលាបម្រើប្រជាពលរដ្ឋ»

លោកថ្លែងបន្ដថា លោក និងក្រុមគ្រូពេទ្យ បានប្ដេជ្ញាប្រើប្រាស់រថយន្ដសង្គ្រោះនេះឱ្យចំទិសដៅ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ដោយមិនរើសអើង ស្របតាមវិស័យសុខាភិបាល ដែលសេវាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញនូវគោលការណ៍ បម្រើ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ អំណោយរថយន្ដសង្រ្គោះបន្ទាន់ទី៤១ របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកត្រំាកក់ ខេត្ដតាកែវផងដែរតាមរយៈ លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងឧកញ៉ា លី ហៀក រតនា បន្ទាប់ពីឃើញនូវតម្រូវការចាំបាច់ ក្នុងការដឹកអ្នកជំងឺសង្គ្រោះបន្ទាន់ ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថា «យើងនឹងបន្ដជួយ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋបន្ថែមនៅពេលឆាប់ៗខាងមុខនេះ ជាពិសេសនៅតំបន់ភូមិស្រុកនៅឆ្ងាយៗ ដើម្បីបម្រើសេវាសុខភាពនេះកាន់តែប្រសើរមួយកម្រិតទៀតជូនពលរដ្ឋយើង»

គួរបញ្ជាក់ថា រថយន្ដសង្គ្រោះបន្ទាន់ទី៤២ និងរថយន្ដកន្លងមកនេះ មានការចូលរួមពីសប្បុរសជនជាច្រើនផងដែរ ជួយផ្ដល់ការឧបត្ថម្ភ រួមមាន លោកឧកញ៉ា សុខ វណ្ណា ចំនួន ៨ពាន់ដុល្លារ, លោកឧកញ៉ា ស៊ុយ ហេង ជួយផ្គត់ផ្គង់រាល់ចំណាយការខូតខាតលើកង់រថយន្ដផងដែរ៕