(សេអ៊ូល)៖ សហរដ្ឋអាមេរិក នឹងបញ្ជូលយន្តហោះចម្បាំងបំពាក់គ្រាប់បែកនុយក្លេអ៊ែរប្រភេទ F-22 ទៅកាន់ ប្រទេសកូរ៉េខាងត្បូង ដែលស្ថិតក្នុងគោលដៅបន្ថែមសម្ពាធផ្នែកយោធាទៅលើប្រទេស កូរ៉េខាងជើង។ នេះបើទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ ដកស្រង់សម្តីពីមន្ត្រីយោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

យន្តហោះចម្បាំងប្រភេទទំនើបបំផុតខាងលើនេះ នឹងគ្រោងបញ្ជូនទៅកូរ៉េខាងត្បូង ចំនួនបួនគ្រឿងដោយក្នុងនោះ ពួកវានឹងត្រូវដាក់ឲ្យចូលរួមជាមួយកងកម្លាំងការពារខ្សែត្រៀមជួរមុខរបស់ទីក្រុងសេអ៊ូល និង វ៉ាស៊ីនតោន ដែលមានស្រាប់ បន្ទាប់ពីអាមេរិក បានបញ្ជូននាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ ទៅកាន់ឧបទ្វីបកូរ៉េ កាលពីពេលថ្មីៗនេះដែរ។

យន្តហោះចម្បាំងប្រភេទ F-22 នេះមានសមត្ថភាពខ្ពស់ អាចគេចចេញពីការស្ទាក់ចាប់របស់ប្រព័ន្ធរ៉ាដា និងផ្ទុកទៅដោយគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលផងដែរ។ បន្ថែមពីនេះ វាអាចធ្វើដំណើរលឿនបំផុត ២,១៧៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយក៏មានដាក់ពង្រាយនៅកោះ អូគីណា (Okinawa) របស់ជប៉ុនផងដែរ ដោយវាអាចធ្វើដំណើរ ដល់ឧបទ្វីប ប្រើប្រាស់ពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ៕