(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានបញ្ជាក់ថា ប្រទេសខ្លួនបានរកឃើញអ្នកជំងឺទីពីរ ដែលផ្ទុកវីរ៉ុស Zika បន្ទាប់ពីជនរងគ្រោះដំបូង ដែលផ្ទុកវីរ៉ុសនេះ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

មានជាច្រើនករណីនៃជំងឺ ដែលកើតចេញពីសត្វមូសនេះ ត្រូវបានរាយការណ៍ថា បានកើតឡើងនៅក្នុងតំបន់អាស៊ី ប៉ុន្តែអង្គការសុខភាពពិភពលោក បានប្រកាសជាគ្រោះអាសន្នសុខភាពពិភពលោក ខណៈករណីនេះបានរីករាលដាលស្ទើរគ្រប់កន្លែង។

ទីក្រុងប៉េកាំង បានអះអាងថា ខ្លួនបានទទួលរងករណីវីរ៉ុស Zika ជាលើកដំបូង កាលពីថ្ងៃទី០៩ ខែកុម្ភៈ។ ក្រុមមន្ត្រីសុខាភិបាល បានឲ្យដឹងថា បុរសម្នាក់វ័យ៣៤ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យ រកឃើញវីរ៉ុស Zika បន្ទាប់ពីលោកបានត្រឡប់មកពីប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី២៨ ខែមករា ដោយមានជំងឺផ្តាសាយ, ឈឺក្បាល និងវិលមុខ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយ ក្នុងខេត្ត Jiangxi ដោយបានជាសះស្បើយវិញយ៉ាងពេញលេញ កាលពីថ្ងៃអាទិត្យ។

ប្រភពខាងលើបានបញ្ជាក់ថា មានករណីទីពីរនៃវីរ៉ុសនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនៅឡើយ​ទេ។ សូមជម្រាបថា ប្រេស៊ីល ជាប្រទេសមួយ ដែលរងការប៉ះពាល់ច្រើនជាងគេបំផុត ដែរវាបានរីករាលដាលយ៉ាងខ្លាំង នៅទូទាំងតំបន់អាមេរិកឡាទីន និងការ៉ាប៊ីន ជាមួយនឹងមនុស្ស ១,៥លាននាក់ បានរងផលប៉ះពាល់នៅក្នុងប្រទេសនេះ ចាប់តាំងពីដើមឆ្នាំ២០១៥៕