(ភ្នំពេញ)៖ ក្នុងការជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នកំពូលមួយ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញបណ្តឹងរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ជាមួយការសម្រេចនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបិទផ្លូវតវ៉ាតទៅទៀតផងដែរ។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សវនាការជំនុំជម្រះលើបណ្តឹងនេះ បានធ្វើឡើងនៅអគារ «ស» វិមានរដ្ឋចំការមន ដឹកនាំដោយ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ លោក អ៉ឹម ឈុនលឹម បានពិនិត្យ និង សម្រេចលើសំណុំរឿងចំនួន ២៨ គឺសំណុំរឿង លេខ៣៦៣/០០៥/២០២០ ដល់លេខ៣៩០/០៣២/២០២០ របស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។

តាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា អង្គសវនាការនេះ មានការចូលរួមពីសំណាក់អ្នកប្តឹងចំនួន១២រូប តំណាងឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងមានការចូលរួមពីតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន៤រូប ព្រមទាំងសាធារណជនផងដែរ។ សំណុំរឿងចំនួន ២៨នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖

* ទទួលពាក្យបណ្តឹងទាំង ២៨សំណុំរឿងនេះទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។

* តម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទុកជាបានការពេញទាំងមូល។

* សេចក្តីសម្រេចនេះ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ត ទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាធម្មនុញ្ញ៖