(ភ្នំពេញ)៖ ដូចការគ្រោងទុកអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម បានបន្តបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ ទោះបីជាមេធាវីអន្តរជាតិការពារក្តីឱ្យជនជាប់ចោទ នួន ជា បន្តមិនចូលរួមសវនាការ ហើយ នួន ជា នៅតែរក្សាការសម្រេចចិត្តរបស់ខ្លួន ក្នុងការណែនាំមេធាវីគាត់មិនឱ្យមានវត្តមាននៅក្នុងអំឡុងពេលសវនាការ ឬ មិនឆ្លើយតបសំណួររបស់ចៅក្រម ឬ គ្រប់ភាគីយ៉ាងណាក៏ដោយ។ ដោយឡែកមេធាវីការពារក្តីរបស់លោក ខៀវ សំផន បានហៅការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ មួយជីវិតទៅលើ លោក ខៀវ សំផន ពីសំណាក់សាលាក្តីខ្មែរក្រហម គឺជារឿងអយុត្តិធម៌ ខណៈមេដឹកនាំរូបនេះមិនបានដឹងអ្វីនោះឡើយ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហមបានថ្លែងថា នៅថ្ងៃទី១ នៃអង្គជំនុំជម្រះបានផ្តោតលើបញ្ហាទូទៅពាក់ព័ន្ធនឹង ទឡ្ហីករណ៍បណ្តឹងសាទុក្ខពាក់ព័ន្ធភាពត្រឹមត្រូវ នៃកិច្ចដំណើរការ​នីតិវិធី និងធម្មនុញ្ញភាព នៃវិធានផ្ទៃក្នុង និងទឡ្ហីករណ៍បណ្តឹងសាទុក្ខពាក់ព័ន្ធវិធីសាស្ត្រទូទៅស្តីពីភស្តុតាង ដែលធ្វើឡើងដោយក្រុមមេធាវីការពារក្តី ខៀវ សំផន ក្រុមសហព្រះរាជអាជ្ញា និង ក្រុមមេធាវីការពារក្តីឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ ចៅក្រម នៃអង្គជំនុំជម្រះតុលាការកំពូល ក៏បានសាកសួរទៅគ្រប់ភាគីទាំងអស់ពាក់ព័ន្ធប្រធានបទនេះដែរ។  

ក្រុមមេធាវីការពារក្តី ខៀវ សំផន បានលើកឡើងថា ការជំនុំជម្រះក្តី និង ការសម្រេចសេចក្តីរបស់អង្គជំនុំជម្រះសាលាដំបូងមានកំហុស និង បានធ្វើឱ្យការសម្រេចសេចក្តីផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត គឺពិតជាអយុត្តិធម៌ ខណៈលោ ខៀវ សំផន មិនបានដឹងអ្វីឡើយ។ ក្រុមមេធាវី បានវាយបកលើអង្គជំនុំជម្រះសាលាដំបូង ដែលថា បានក្លែងភស្តុតាង និង បានបិទសិទ្ធិក្រុមមេធាវីការពារក្តីក្នុងការចោទសួរទៅលើសាក្សី និង ដើមបណ្តឹងរដ្ឋប្បវេណីដើម្បីដោះបន្ទុក។

ក្រុមមេធាវីការពារក្តី ខៀវ សំផន ក៏បានចោទចៅក្រម នៃអង្គជំនុំជម្រះសាលាដំបូងថា បានដើរតួនាទីជាព្រះរាជអាជ្ញាក្នុងការចោទសួររកតែភស្តុតាងដាក់បន្ទុកលើជនជាប់ចោទ និងបានគំរាមលើសាក្សី និងបាន លើកឡើងថាវត្តមានរបស់ក្រុមមេធាវីការពារក្តីគឺគ្រាន់តែជាគ្រឿងតែងលំអសវនាការតែប៉ុណ្ណោះ។ ក្រុមមេធាវី បានលើកឡើងថា ការជំនុំជម្រះក្តីនេះ ពិតជារំលោភលើសិទ្ធិជនជាប់ចោទ និងគោលការណ៍ នៃការជំនុំជម្រះក្តីដោយយុត្តិធម៌តាមស្តង់ដារអន្តរជាតិ។ ប៉ុន្តែក្រុមសហព្រះរាជអាជ្ញា បានឆ្លើយតបថាការជំនុំជម្រះក្តីនៅដំណាក់កាលសាលាដំបូងប្រព្រឹត្តទៅដោយយុត្តិធម៌ និង បានគោរពសិទ្ធិលើគ្រប់ភាគីទាំងអស់ និងលើកឡើងថា ការរក្សាសិទ្ធិនៅស្ងៀម​មិនឆ្លើយតបទៅនឹងសំណួរទាំងឡាយ និង ការធ្វើពហិការបស់មេធាវីការពារក្តី​ក្នុងការតតាំងនៅក្នុងសវនាការបណ្តឹង​សាទុក្ខគឺកង្វះឆន្ទៈក្នុងការចូលរួម​បង្ហាញការពិតពីភាគីជនជាប់ចោទ។

សហព្រះ​រាជអាជ្ញា បានបន្តថាអង្គជំនុំជម្រះសាលាដំបូង បានបែងចែកពេលវេលាស្មើៗគ្នាដល់គ្រប់ភាគីទាំងអស់ ដើម្បីសាកសួរដេញដោលលើសាក្សីអ្នកជំនាញ និង ដើមបណ្តឹងរដ្ឋប្បវេណី ដែលត្រូវបានកោះហៅមកផ្តល់សក្ខីកម្ម។ សហព្រះរាជអាជ្ញា បានលើកឡើងថា ការសម្រេចរបស់ចៅក្រុម នៃអង្គជំនុំជម្រះសាលាដំបូងក្នុង​ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត​ទៅលើជនជាប់​ចោទទាំងពីរ​គឺឈរនៅលើភស្តុតាង សក្ខីកម្មរបស់សាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកជំនាញជាច្រើនទំព័រ។

សហព្រះរាជអាជ្ញា បានលើកឡើងថាការជំនុំជម្រះក្តីនេះ វាមិនល្អឥតខ្ចោះមែន ប៉ុន្តែមានភាពយុត្តិធម៌ដោយបានលើកឡើងថា ការផ្តន្ទាទោសលើ ខៀវ សំផន គឺឈរនៅលើមូលដ្ឋាន ដែលជនជាប់ចោទរូបនេះ បានដឹងពីគោលនយោបាយ នៃឧក្រិដ្ឋកម្ម ដែលបានប្រ ព្រឹត្តឡើង។ សហព្រះរាជអាជ្ញា បានលើកឡើងថា ប្រសិនបើមានកំហុសឆ្គងមួយ ឬពីរចំណុច វាមិនអាចថា ការជំនុំជម្រះក្តីទាំងមូលមិនយុត្តិធម៌ឡើយ។    

ទាក់ទងការចោទរបស់ក្រុមមេធាវីការពារក្តី ដែលថា មានការក្លែងភស្តុតាងពីសំណាក់អង្គជំនុំជម្រះសាលាដំបូង ដើម្បីដាក់បន្ទុកជនជាប់ចោទក្រុមសហព្រះរាជអាជ្ញា បានលើកឡើងថា គឺក្រុមមេធាវី​ការពារ​ក្តីខ្លួនឯងទេ ដែលបានក្លែងភស្តុតាងនោះ។ ចំណែកក្រុមមេធាវីការពារក្តីឱ្យដើមបណ្តឹងរដ្ឋប្បវេណី បានលើកឡើងថា ពេលវេលា ដែលអង្គជំនុំជម្រះ​បានផ្តល់ឱ្យក្រុមមេធាវីការពារក្តី​សួរលើជន​រងគ្រោះ គឺពួកគេមិនបានប្រើប្រាស់ឱ្យបានត្រឹមត្រូវឡើយ។ ក្រុមមេធាវីការពារក្តីដើមបណ្តឹងរដ្ឋប្បវេណី បានលើកឡើងថា អង្គជំនុំជម្រះសាលាដំបូងបានប្រើប្រាស់សក្ខីកម្មមួយចំនួន របស់ជនរងគ្រោះ​ជាដើមបណ្តឹងរដ្ឋប្បវេណីដើម្បីបង្ហាញភស្តុតាង។

អង្គជំនុំជម្រះតុលាការកំពូលនឹងបន្តសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ នេះនៅថ្ងៃទី ១៧ខែកុម្ភៈ បន្តទៀតដោយផ្តោតលើប្រធានបទ​ទឡ្ហីករណ៍​បណ្តឹងសាទុក្ខពាក់ព័ន្ធនឹង​បទឧក្រិដ្ឋ ដែលជនជាប់ចោទ ត្រូវបានដាក់ពិរុទ្ធភាព និងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌជាលក្ខណៈបុគ្គលរបស់ជនជាប់ចោទ។ ដំណើរការសវនាការលើ​បណ្តឹងសាទុក្ខនេះ ក៏នឹងត្រូវផ្សាយផ្ទាល់លើកញ្ចក់​ទូរទស្សន៍ជាតិផងដែរ៕