(ភ្នំពេញ)៖ កំពូលតារាចម្រៀង បែបយុវវ័យយេៗ ប្រចាំក្នុងផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានចេញមុខភ្លាមៗមកបកស្រាយជុំវិញ ការបង្ហោះវិដេអូមួយ ដែលបង្ហាញពីប្អូនប្រុសម្នាក់ជា Fan របស់កញ្ញា សុខ ពិសី បានឡើងមកបំពាក់កម្រងផ្កា នៅក្នុងកម្មវិធីប្រគំតន្រ្តី ហើយបានទាក់ដៃជាយសំពត់, ត្រូវបានកញ្ញា សុខ ពិសី បញ្ជាក់ថា ជាអចេតនាសុទ្ធសាធ។

តារាចម្រៀងល្បាញល្បីរបស់ផលិតកម្មសាន់ដេរូបនេះ បានបន្តបញ្ជាក់ថា វិដេអូនោះ គឺជាវិដេអូចាស់យូរហើយ ប្រមាណ៤-៥ឆ្នាំមុនឯណោះ ហើយទើបត្រូវបានគេយកមកបង្ហោះ នៅលើ Facebook ក្នុងគោលបំណងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កញ្ញាតែប៉ុណ្ណោះ។

កញ្ញាបានអះអាងថា មិនមានបញ្ហាអ្វីនោះទេ ពាក់ព័ន្ធនឹងករណីទាក់ជាយសំពត់នោះ ធម្មតានៅពេលឡើងច្រៀងនៅលើឆាកម្តងៗ គឺតែងតែស្លៀកខោខូវប៊យខ្លី ឬ ខោសាច់ក្រណាត់ទ្រាប់ពីក្នុងជានិច្ច។

ពាក់ព័ន្ធនឹងវិដេអូនោះ កញ្ញា សុខ ពិសី បានរៀបរាប់ថា «ធម្មតានាងខ្ញុំជាតារាចម្រៀងស្រីចគ្រប់ពេលឡើងសម្ដែងម្ដងៗ នាងខ្ញុំប្រុងប្រយ័ត្នបំផុត ពិសេសការស្លៀកសំលៀកបំពាក់ដូចជា រូប រឺក៏សំពត់ គឺតែងតែស្លៀកខោខូវប៊យខ្លី រឺខោសាច់ក្រណាត់ទ្រាប់ពីក្នុងជានិច្ច ដូច្នេះកុំយល់ច្រឡំ អីព្រោះនាងខ្ញុំជាមនុស្សស្រីម្នាក់ដែលប្រយ័ត្នខ្លួនណាស់ ហើយខ្ញុំសុំសសើរប្អូនប្រុសម្នាក់ក្នុងវិដេអូ នោះគាត់ជាសុភាពបុរស ព្រោះគាត់គ្មានបំណងបំពានលើនាងខ្ញុំទេ វាគ្រាន់ជារឿងអចេតនា ព្រោះពេលនោះគាត់បានយកកម្រងផ្កាបំពាក់ ឲ្យនាងខ្ញុំគាប់ជួនទាក់ជាយសំពត់ខ្ញុំ ភ្លាមនោះគាត់លើកដៃសំពះសុំទោសខ្ញុំ ភ្លាមគាត់គឺជាគំរូដ៏ល្អ។ ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរអរគុណ ចំពោះពុកម៉ែបងប្អូន និងមិត្តយុវវ័យទាំងអស់ ដែលតែងតែគាំទ្រនាងខ្ញុំមិនថា នាងខ្ញុំសម្ដែងនៅទីណាទេ តែងតែស្វាគមន៏យ៉ាងកក់ក្ដៅសម្រាប់នាងខ្ញុំ»៕

សូមជំរាបថា កំពូលតារាចម្រៀង សុខ ពិសី បាននឹងកំពុងតែរក្សាននូវភាពល្បីល្បាញ និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់មហាជន តាមរយៈបទចម្រៀងពីរោះៗ ជាច្រើនបទក្នុងអាល់ប៊ុមថ្មី ដែលទើបតែចេញលក់ កាលពីពេលថ្មីៗនេះ ជាពិសេសបទញាក់កន្រ្តាក់អារម្មណ៍ ត្រូវនឹងចិត្តយុវវ័យ។

អ្វីដែលធ្វើឲ្យតារាចម្រៀង សុខ ពិសី កាន់តែរំភើបចិត្តខ្លាំងនោះ គឺគ្រាន់តែកញ្ញាច្រៀងចប់ នៅតាមការប្រគំតន្រ្តីតាមខេត្តនានា ឬតាមបណ្តាស្ថានីយ៍ភ្លាមមានអ្នកគាំទ្រជាច្រើន បានចោមរោមសុំនាងថតរូបជាមួយ យ៉ាងណែនណាន់តានតាប់ ស្ទើរតែរកផ្លូវដើរចូលទៅកន្លែងចតរថយន្តមិនរួច ។ សកម្មភាពទាំងអស់នេះ បានបង្ហាញឲ្យដឹងថា តារាចម្រៀង សុខ ពិសី នៅតែទទួលបានប្រជាប្រិយភាពខ្លាំង លំដាប់កំពូលនៅកម្ពុជា៕