(ភ្នំពេញ)៖ ការស្នើដាក់បញ្ចូល «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងដំណាក់កាលរៀបចំឯកសារនៅឡើយ ខណៈលោកស្រី ភឿង សកុណា បានបញ្ជាក់ជាថ្មីថា ក្រសួងវប្បធម៌កំពុងសហការជាមួយអ្នកជំនាញការជាតិ-អន្តរជាតិដើម្បីរៀបចំឯកសារ ហើយនឹងដាក់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។
ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) ដែលបានរៀបចំឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធ Video Conference ជាមួយលេខាធិការដ្ឋានរៀបចំរបស់អាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយសហប្រធាននៃប្រទេសចិន និងប្រទេសឥណ្ឌា រួមជាមួយបណ្តាប្រទេសជាសមាជិកចំនួន ៥ ទៀត ដូចជាប្រទេសប៊ែលហ្ស៉ិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក។
ក្នុងកិច្ចប្រជុំនោះ លោកស្រី ភឿង សកុណា ក៏បានបញ្ជាក់ថា «ក្រសួងវប្បធម៌កំពុងសហការជាមួយអ្នកជំនាញការជាតិ និងអន្តរជាតិ ដើម្បីរៀបចំឯកសារដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនឹងដាក់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ»។
គេនៅចាំបានថា កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។
សូមជម្រាបថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៧២ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ ២១១ ហើយបើធ្វើដំណើរពីទីរួមខេត្តព្រះវិហារមានចម្ងាយ ៤៩ គីឡូម៉ែត្រប៉ុណ្ណោះ។
ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី «ឆោកគគ៌្យរ» របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕