(ភ្នំពេញ)៖ នាយកដ្ឋានជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានប្រកាសទប់ស្កាត់ការរីករាលដាលនៃវីរុស ហ្ស៊ីកា (Zika) នៅទូទាំងប្រទេស និងបានបញ្ជាក់ប្រាប់ ពីវិធីសាស្ត្រការពារកុំឲ្យឆ្លង ចំពោះមនុស្សទូទៅ ជាពិសេសទារក ​ខណៈដែលនៅលើពិភពលោក កំពុងតែប្រកាសបើកប្រតិបត្តិការ ស្វែងរកដំណោះស្រាយ ដើម្បីទប់ស្កាត់ការរីករាលដាល វិរុសហ្ស៊ីកា ពិសេសក្នុងតំបន់អាហ្វ្រិក និងប្រទេសប្រេស៊ីល។

ការប្រកាសជាចំហ ជូនដល់ប្រជាពលរដ្ឋទូទៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅឯក្រសួងសុខាភិបាល ដោយមានការចូលរួមធ្វើបទបង្ហាញ ដោយលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ (Ly Sovann) ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមទាំងបណ្ដាញ សារព័ត៌មានជាច្រើននាក់។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានលើកឡើងថា ​បច្ចុប្បន្ននេះ វីរុស Zika កំពុងរាត្បាតនៅប្រទេស ក្នុងតំបន់អាមេរិក ខាងត្បូង និងកណ្តាល ការរាត្បាតនេះរីកខ្លាំងឡើង ​នៅប្រទេសប្រេស៊ីលឆ្នាំ២០១៤។ ជំងឺនេះចម្លងតាម​មូសខ្លា ដូចជំងឺគ្រុនឈាមដែរ និងមានរោគសញ្ញា ដូចជំងឺគ្រុនឈាម (គ្រុនក្តៅ ឈឺក្បាល ក្រហមភ្នែក កន្ទួលក្រហមលើស្បែក ឈឺសន្លាក់)។ នៅក្នុងតំបន់យើង​ រកឃើញជំងឺនេះនៅស្រុកយើង មួយករណីកាលពីឆ្នាំ ២០១០ ប៉ុន្តែជាសះស្បើយ និងចាប់ពីពេលនោះ ដល់បច្ចុប្បន្នពុំបានរកឃើញ​ទៀតទេ។ ឯប្រទេសថៃវិញ ចាប់ពីឆ្នាំ២០១២ ដល់ ២០១៤ រកឃើញ ៧ករណីសុទ្ធសឹង តែជាសះស្បើយ និង ខែមករានេះរកឃើញ ១ករណីទៀត រកឃើញពេលធ្វើដំណើរទៅកោះតៃវ៉ាន់។

យើងមានមន្ទីរ ពិសោធន៍អាចធ្វើតេស្តបាន។ គ្រោះភ័យបណ្តាលមកពីជំងឺនេះនៅ ក្នុងប្រទេសយើង នៅមានកំរិតទាបនៅឡើយ តែវិធានការបង្ការត្រូវតែ​ពង្រឹងជាប់ជានិច្ច ដែលយើងប្រើប្រព័ន្ធដែលមានស្រាប់ ។ វិធានការណ៍សុខាភិបាល គឺពង្រឹងប្រព័ន្ធតាមដានជំងឺ ធ្វើតេស្តអ្នក​សង្ស័យជំងឺ បងប្អូនដែលធ្វើដំណើរត្រឡប់មកពី អាហ្វ្រិក និង អាមេរិក បើសង្ស័យសូមទៅពិគ្រោះជំងឺ នៅមន្ទីរពេទ្យ និងប្រាប់គ្រូពេទ្យអំពី​ប្រវត្តន៍ការធ្វើដំណើរ ឬទូរស័ព្ទមកលេខ ១១៥ ឬ០១២៤៨៨៩៨១ ឬ០៨៩៦៦៩៥៦៧។

​លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណៈ ជនទាំងអស់ឲ្យបាន ជ្រាបថា ជំងឺហ្ស៊ីកា (Zika) ជាជំងឺ​ឆ្លង​បង្កដោយ វីរុសហ្ស៊ីកា រកឃើញដំបូងនៅលើសត្វស្វា ក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda នៃទ្វីបអាហ្វ្រិក។ បន្ទាប់មកជំងឺនេះ​មានការផ្ទុះឡើង​ជា​រប៉េះរប៉ោះ នៅក្នុងទ្វីប អាហ្រ្វិក អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ននេះ វីរុស Zika កំពុងរាតត្បាតនៅប្រទេស ក្នុងតំបន់អាមេរិកខាងត្បូង និងកណ្តាល ហើយការរាតត្បាតនេះ រីករាលដាល​នៅប្រទេសប្រេស៊ីល នៅឆ្នាំ២០១៤។

លោកបន្តថា ជំងឺហ្ស៊ីកា ឆ្លងតាមរយៈមូសខ្លាខាំ ដែលជាប្រភេទមូសបង្កឲ្យមាន ជំងឺគ្រុនឈាម និងមានរោគសញ្ញាស្រដៀង នឹងជំងឺគ្រុនឈាមដែរ មានដូចជា គ្រុនក្តៅ ឈឺក្បាល មានកន្ទួល​ក្រហមលើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ ជាដើម។ ភាគច្រើននៃជំងឺនេះ និងជាសះស្បើយឡើងវិញក្នុងអំឡុង២ទៅ៧ថ្ងៃ និងមានអត្រាស្លាប់មានកំរិតតិចតួចណាស់។​ មាន​ករណី​តិចតួចបំផុត ដែលអាចវិវត្តន៍ ទៅជាទន់ដៃទន់ជើងហើយ បើកើតមានលើស្រ្តីមានផ្ទៃពោះ គឺអាចឲ្យទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារកអាច​តូចជាង​ធម្មតា។ ​

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ​មិនមានករណីជំងឺហ្ស៊ីកា នៅក្នុង​ប្រទេសកម្ពុជា​ នៅឡើយទេ ហើយ​ក្រសួងសុខាភិបាល កំពុងបន្តតាមដានស្ថានភាពឆ្លង នៃជំងឺនេះដោយយកចិត្តទុកដាក់បំផុត។ ហានិភ័យបណ្តាលមកពីជំងឺហ្ស៊ីកានេះ នៅក្នុងប្រទេសកម្ពុជា នៅមានកំរិតទាបបំផុតនៅឡើយ តែយើង ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការ ទប់ស្កាត់ និង បង្ការការចម្លងជំងឺហ្ស៊ីកានេះ ដូចជា ការពារជំងឺគ្រុនឈាមដែរ ដោយការពារខ្លួន កុំឲ្យមូសខ្លាខាំ ហើយ ចូលរួមបំបាត់ជម្រកមូសខ្លា ដូចជាធ្វើអនាម័យសំអាតជុំវិញផ្ទះ ការពារកុំឲ្យមានទឹកដក់ នៅជុំវិញផ្ទះលុបបំបាត់សំបក​កំប៉ុង-សំបកកង់ឡាន-ត្រឡោកដូង ប្រើថ្នាំសម្លាប់​សត្វល្អិត(សត្វមូស) ការស្លៀកសម្លៀកបំពាក់ឲ្យបានជិត និងត្រូវដេក្នុងមុង ជាដើម។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការបង្ការជំងឺឆ្លង បណ្ដាលមកពីវីរុស ហ្ស៊ីកា ទៅតាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នៅក្នុងប្រទេស ។ ជូនដំណឹងស្ដីការត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងជំងឺឆ្លងថ្មី ដែលបណ្ដាលមកពីវីរុសហ្ស៊ីកា ដល់ប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្ត ទាំង២៥ ដើម្បីបន្តផ្សព្វផ្សាយ ដល់មន្រ្តីនៅតាមមន្ទីរពេទ្យ និងបណ្ឌលសុខភាព ដែលនៅក្រោមឱវាទ ។ ពង្រឹងសមត្ថភាពមន្ទីរពិសោធ ដើម្បីរកឃើញវីរុស ហ្ស៊ីកា និងការចុះអង្កេតផ្ទាល់តាមមូលដ្ឋាន ដើម្បីស្វែងយល់ពីលទ្ធផល នៃការកកើតមូលខ្លា ដែលអាចជាភ្នាក់ងារចម្លងវីរុស ហ្ស៊ីកា (Zika)៕