(ប្រេស៊ីល)៖ ក្រសួងសុខាភិបាលប្រេស៊ីល នៅថ្ងៃពុធម្សិលមិញនេះ បានរាយការណ៍ថា មាន៤,៤៤៣ករណី សង្ស័យឆ្លងជំងឺ Zika និងករណីទារកកើតមកមានក្បាលតូច ខុសពីធម្មតាដែលត្រូវបានបញ្ជាក់ ដោយវាបានកើនឡើងពី ៤,៣១៤ករណី កាលពីសប្តាហ៍មុន។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ជាមួយគ្នានោះផងដែរប្រទេសនៅទ្វីបអាមេរិកភាគខាងត្បូងមួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃវីរ៉ុស Zika ហើយខ្លួនបានសង្ស័យថា វាមានការពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃកំណើតរបស់ទារក។ ចំនួនសរុបនៅថ្ងៃពុធនេះ ត្រូវបានប្រេស៊ីលឲ្យដឹងថា ៥០៨ករណី នៃទារកកើតមកមានក្បាលតូចខុសពីធម្មតា ត្រូវបានគេបញ្ជាក់ ខណៈ ៣,៩៣៥ករណីទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត។

ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីសប្តាហ៍មុនថា មាន៤១ករណីត្រូវបានបញ្ជាក់ នៃទារកកើតមកមានក្បាលតូចខុសពីធម្មតា ដែលមានការជាប់ពាក់ព័ន្ធ នឹងផលប៉ះពាល់នៃវីរ៉ុស Zika។ វីរ៉ុស Zika​ បច្ចុប្បន្នបានរីករាលដាល នៅជាង៣០ប្រទេស ហើយបានបណ្តាលឲ្យអង្គការសុខភាពពិភពលោក ប្រកាសជាគ្រោះអាសន្នសុខភាព ជាលក្ខណៈពិភពលោក៕