(បន្ទាយមានជ័យ)៖ មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា និងមេបញ្ជាការភូមិភាគទី១ថៃ បានជួបសំណេះសំណាលគ្នាលើ​ស្ពានច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត​នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦​នេះ គោលបំណងសហប្រតិបត្តិ​ការកាន់តែខ្លាំង​ឡើង​សម្រាប់ភាគី​ទាំង២។

ភាគីកម្ពុជាដឹកនាំលោក គោ ស៊ុសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក ឯក អូន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ លោក វួច អូន ប្រធានគណៈកម្មការច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត និងមន្ត្រីកម្លាំងពាក់ព័ន្ធ​ជាច្រើនរូបទៀត ខណៈភាគីថៃដឹកនាំដោយ​លោកឧត្តម​សេនីយ៍ទោ ថេភុងថិបយះចន្ទ មេទ័ពភូមិភាគទី១ និងមន្រ្តីមួយ​ចំនួនទៀត។

លោក ឯក សំអូន បានប្រាប់ភ្នាក់ងារ Fresh Newsថា «ការជួបគ្នានេះ បានធ្វើឡើងក្នុងគោលបំណងពង្រឹង​សន្តិសុខតាមបន្ទាត់​ព្រំដែន និងការចូលរួមទប់​ស្កាត់បទល្មើស តាមបន្ទាត់​ព្រំដែន​ទាំង២ មានបទល្មើសគ្រឿងញៀនឆ្លងដែន ជួញដូរអាវុធខុសច្បាប់ ជួញដូរមនុស្ស ពលករចំណាកស្រុក​ខុសច្បាប់ និងទំនិញគេចពន្ធខុសច្បាប់»