(ភ្នំពេញ)៖ ជនញៀនថ្នាំម្នាក់​ត្រូវបានបានកម្លាំង​នគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ សហការជាមួយកម្លាំងនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ឫស្សីកែវ ដេញតាមប្រម៉ាញ់ឃាត់ខ្លួន​ ក្រោយពីជនសង្ស័យរូបនេះ បានដើរមកឆក់ទូរស័ព្ទដៃ របស់ប្រជាពលរដ្ឋខណៈ​កំពុងអង្គុយលេង Facebook នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុម៣ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នាយប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១លោក រឿន វន បានឲ្យដឹងថា ជនត្រូវឃាត់ខ្លួនជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ​ពីបទឆក់​មានឈ្មោះ ហីម រីសេត អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ រីឯជនរងគ្រោះឈ្មោះ សុង ចាន់ធី ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរជាអ្នកលក់ត្រី ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក រឿន វន បានបន្តទៀតថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងការរៀបរាប់នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសុង ចាន់ធី កំពុងអង្គុយកាន់ទូរស័ព្ទលេង Facebook នៅចំណុច​កើតហេតុ ខាងលើភ្លាមនោះស្រាប់តែលេច មុខជនសង្ស័យបែកថ្នាំ​ដើរមកធ្វើសកម្មភាពឆក់​ទូរស័ព្ទពីរជនរងគ្រោះ រួចរត់គេចខ្លួន ប៉ុន្តែត្រូវជនរងគ្រោះស្រែក​ផ្អើលឆោរឡោរ​សុំឲ្យសមត្ថកិច្ច​មូលដ្ឋាន ដែលយាមកាមល្បាត​នៅក្បែរនោះជួយ​អន្តរាគមន៍ ដេញតាមឃាត់ខ្លួនជនត្រូវ​ជាប់សង្ស័យបានភ្លាមៗ ដោយជនជាមុខសញ្ញាម្នាក់នោះ បានធ្វើការប្រតាយប្រតប់​ជាមួយសមត្ថកិច្ច​ ដោយបានបោកកម្ទិច​ទូរស័ព្ទរបស់ជនរងគ្រោះ​ខ្ទេចតែម្ដង​មិនអាចជួសជុលប្រើកើត។

សូមបញ្ជាក់ថា ជនត្រូវជាប់សង្ស័យឆក់ទូរស័ព្ទពីជនរងគ្រោះ​កំពុងឃុំខ្លួនសួរ​នាំបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕