(កំពង់ចាម)៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ រួមនិងការតុបតែងលំអដោយភ្លើងបំភ្លឺ ភ្លើងពណ៌តាមដងវិថីនានា នៅក្នុងខេត្តកំពង់ចាម ត្រូវបានរៀបចំរួចរាល់ជាស្ថាពរហើយ ដើម្បីទទួលស្វាគមន៍បុណ្យទន្លេឆ្នាំទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ ជាមួយការរំពឹងទទួលបានភ្ញៀវទេសចរប្រមាណ ១០ម៉ឺននាក់។

អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឲ្យខេត្តកំពង់ចាមទទួលភារកិច្ចរៀបចំពិធីបុណ្យទន្លេឆ្នាំទី២ សាលាខេត្ត បានប្រឹងប្រែងធ្វើការកែលំអប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាការបោសសំអាត និងពង្រីកផ្លូវ រៀបចំប្រព័ន្ធលូ ដាំដើមឈើ ផ្កាតាមដងផ្លូវ បំពាក់ភ្លើងបំភ្លឺផ្លូវ ភ្លើងពណ៌ សំអាតច្រាំងទន្លេ ព្រមទាំងធ្វើសួនច្បារនៅមាត់ទន្លេផងដែរ ដើម្បីទាក់ទាញភ្ញៀវ ដែលដើរកម្សាន្តនៅថ្ងៃបុណ្យទន្លេ។

ក្រៅពីការកែលំអប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធហើយ តំបន់ទេសចរណ៍ក្នុងខេត្ត ក៏ត្រូវបានរៀបចំត្រៀមទទួលភ្ញៀវទេសចរផងដែរ ដូចជា តំបន់ទេសចរណ៍ទឹកឆា នៅស្រុកព្រៃឈរ ឆ្នេរខ្សាច់កោះប៉ែន តំបន់អង្គរជ័យ នៅក្នុងស្រុកកំពង់សៀម ព្រមទាំងការជិះនាវាកម្សាន្ត នៅតាមដងទន្លេមេគង្គជាដើម។ នេះបើតាមការបញ្ជាក់របស់លោក លន់ លឹមថៃ។

លោកអភិបាលខេត្តបានឲ្យដឹងផងដែរថា ពិធីបុណ្យទន្លេដែលប្រារព្ធធ្វើនៅក្នុងខេត្តកំពង់ចាមរយៈពេល ៣ថ្ងៃនេះ នឹងមានការប្រកួតកីឡាជាច្រើនប្រភេទដូចជា ប្រដាល់ ប្រណាំងទូកខ្នាតអន្តរជាតិ ចំបាប់បុរាណ ចត្រង្គ បាល់ទះ ឆ័ត្រយោង ជិះស្គីលើទឹក និងមនុស្សហោះលើទឹកជាដើម ហើយក៏មានការប្រគំតន្រ្តីខ្នាតយក្ស ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។

បើតាមលោក លន់ លឹមថៃ នៅក្នុងពិធីបុណ្យទន្លេ ដែលរៀបចំតាមបណ្តោយទន្លេប្រវែងប្រមាណ ១គីឡូម៉ែត្រនេះ ក៏នឹងមានការតាំងពិព័រណ៍ ៣៥០ស្តង់ ដើម្បីលក់ទំនិញ ម្ហូបអាហារខ្មែរ និងអន្តរជាតិ។

លោកអភិបាលខេត្តកំពង់ចាម បានបង្ហាញការរំពឹងទុកថា ពិធីបុណ្យទន្លេនេះអាចនឹងស្រូបទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ប្រមាណ ១០ម៉ឺននាក់ ដោយសារតែខេត្តកំពង់ចាម ស្ថិតនៅក្បែររាជធានីភ្នំពេញ ដែលភ្ញៀវទេសចរងាយធ្វើដំណើរទៅកម្សាន្ត។

ឆ្លើយតបជាមួយការរំពឹងទទួលបានចំនួនភ្ញៀវទេសចរច្រើនសន្ធឹកសន្ធាប់នេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា សណ្ឋាគារ ផ្ទះសំណាក់ ត្រូវបានរៀបចំរួចរាល់ហើយ ហើយក៏បានបំផុសប្រជាពលរដ្ឋឲ្យរៀបចំផ្ទះជាលក្ខណៈឯកជន ដើម្បីទទួលភ្ញៀវទេសចរស្នាក់នៅ។ រីឯភោជនីយដ្ឋាន និងអាហារដ្ឋាននានា ក៏ត្រូវបានរៀបចំរួចរាល់ផងដែរសម្រាប់ភ្ញៀវ។

លោកអភិបាល បានបញ្ជាក់ប្រាប់ Fresh News ថា ទាំងកន្លែងស្នាក់នៅភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវបានណែនាំឲ្យពង្រឹងសេវា និងមិនឲ្យដំឡើងថ្លៃនោះឡើយ។

សម្រាប់បញ្ហាសន្តិសុខវិញ ក៏ត្រូវបានគិតគូររួចរាល់ផងដែរ ក្នុងនោះកងកម្លាំងសមត្ថកិច្ចប្រមាណ ១ពាន់នាក់ នឹងត្រូវដាក់ពង្រាយត្រៀមរក្សាការពារសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរ ដែលទៅចូលរួមលេងកម្សាន្តបុណ្យទន្លេ។

បើតាមការបញ្ជាក់របស់លោក លន់ លឹមថៃ នៅមុនការប្រារព្ធពិធីបុណ្យទន្លេនេះមួយថ្ងៃ លោក ក៏នឹងសម្ពាធដាក់ឲ្យប្រើប្រាស់សួនដាំដើមឈើអនុស្សាវរីយ៍ និង សួនអាពាហ៍ពិពាហ៍ ដ៏ធំមួយ នៅក្នុងបរិវេណប្រាសាទនគរបាជ័យ ស្រុកកំពង់សៀមផងដែរ ដើម្បីឲ្យភ្ញៀវ ចូលលេងកម្សាន្ត។

លោក លន់ លឹមថៃ បានសម្តែងក្តីរំពឹងទុកថា ពិធីបុណ្យទន្លេ ៣ថ្ងៃលើកទឹកដីកំពង់ចាម នឹងជួយឲ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិ កាន់តែច្រើនទៀត បានស្គាល់ និង ទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តកំពង់ចាម៕