(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឲ្យក្រុមការងារថ្នាក់ជាតិ ចុះសហការ ជាមួយអាជ្ញាធរមូលដ្ឋាន បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ថ្មី ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអាត្រាស្លាប់ និង របួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។
 
ថ្លែងនៅក្រោយកិច្ចប្រជុំគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង នាល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ នេះ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានប្រាប់ឲ្យដឹងថា ជាទិសដៅកិច្ចប្រជុំនៅក្នុងសប្តាហ៍ នេះ គឺជំរុញឲ្យក្រុមការងារថ្នាក់ជាតិចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ ហើយអាជ្ញាធរ និងថ្នាក់ដឹកនាំរាជធានី ខេត្តជាអ្នកអនុវត្ត។
 
លោក ហ៊ឹម យ៉ាន បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយកម្មវិធី និងខ្លឹមសង្ខេបច្បាប់ចរាចរណ៍សម្រាប់យកទៅផ្សព្វផ្សាយនោះ នឹងរៀប ចំចប់ ហើយនឹងត្រូវបានដាក់ឲ្យផ្សព្វផ្សាយផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន បានដកស្រង់សម្តីសម្តេចក្រឡាហោម មកបញ្ជាក់ថា «សម្តេចក្រឡាហោមថា ការដាក់ចេញយុទ្ធ នាការថ្មីចុះផ្សព្វផ្សាយនោះ គឺនឹងត្រូវស្នើប្រធាក្រុមមការងារថ្នាក់ជាតិទាំងអស់ សហការធ្វើសកម្មភាពចុះឃោសនា នៅតាមប្រជុំជន នៅតាមទីផ្សារជាដើមផងដែរ។ ដោយឡែកនៅតាមសាលារៀនវិញ សម្តេចក្រឡាហោមថា នឹងមានការកំណត់យកមួយថ្ងៃនៅទូ ទាំងប្រទេស នៅគ្រប់បណ្តាសាលារៀនរដ្ឋទាំងអស់ គឺត្រូវមានយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះមួយ ដើម្បីសិស្សានុសិស្ស ទាំងអស់មានការយល់ជ្រាប»
 
លោកអគ្គស្នងការរងនគរបាលជាតិ បានថ្លែងគូសបញ្ជាក់ផងដែរថា បញ្ហាប្រឈមបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន បញ្ហាល្បឿន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមុខក្រោយ បញ្ហាបើកជែងបត់ធ្វេងបត់ស្តាំ និង ការបើកបរក្រោមអាកប្បកិរិយា ឥរិយាបថ ខ្ជីខ្ជា ប្រហិន ល្មើសច្បាប់ នឹងត្រូវបានដាក់ផ្សាយនៅក្នុងយុទ្ធនាការនោះ៕