(ប៉េកាំង)៖ រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាក់ថា ខ្លួនមានអាវុធនៅតំបន់កោះមួយ ដែលកំពុងមានជម្លោះ ក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ខណៈរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក John Kerry បានស្តីបន្ទោសទីក្រុងប៉េកាំង លើការប្រើប្រាស់យុទ្ធសាស្ត្រកម្លាំងយោធា ដែលអាចឲ្យមានមនុស្សស្លាប់នៅក្នុងតំបន់នោះ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ទាំងសហរដ្ឋអាមេរិក និងតៃវ៉ាន់ បានលើកឡើងថា ចិនបានដាក់ពង្រាយគ្រាប់មីស៊ីល ទៅកាន់កោះ Woody ជាប់ទៅនឹងកោះ Paracels បន្ទាប់ពី មានសេចក្តីរាយការណ៍ថា អាវុធបាញ់ពីផ្ទៃដីទៅកាន់អាកាស ត្រូវបានបញ្ជូនទៅដល់ទីនោះ កាលពីសប្តាហ៍មុន។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងថា គ្រប់ផ្នែកទាំងអស់ នៃកោះ Paracels ជាដែនដីរបស់ខ្លួន ទោះបីទីក្រុង Hanoi និង Taipei បានអះអាងថាវាជាតំបន់ត្រួតស៊ីគ្នាក្តី។

ក្រសួងការពារជាតិចិន បានអះអាថា «ចិនបានដាក់ពង្រាយអាវុធ ទៅកាន់ដែនកោះ អស់រយៈពេលយូរមកហើយ ប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់ថា អាវុធប្រភេទអ្វី ត្រូវបានដាក់ពង្រាយនោះទេ ប៉ុន្តែបានបញ្ជាក់ថា ចិនបានសិទ្ធិស្របច្បាប់ ក្នុងការដាក់ពង្រាយអាវុធការពារជាតិ នៅលើទឹកដីផ្ទាល់របស់ខ្លួន»។

គួរជម្រាបថា ភាពតានតឹងនៅតំបន់សមុទ្រចិនភាគខាងត្បូង បានកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានខែថ្មីៗនេះ ចាប់តាំងពីចិនអះអាងយកតំបន់កោះ Spratly នៅភាគខាងត្បូងបន្ថែមទៀត៕