(ម៉ិចស៊ីកូ)៖ សហគមន៍អន្តរជាតិទាំងមូល កំពុងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា លើភាពសាហាវ និងការរីករាលដាលនៃវីរុស ហ្ស៊ីកា (Zika) ដែលបណ្តាប្រទេសជាច្រើននៅទ្វីបអាមេរិក កំពុងទទួលរងគ្រោះខ្លាំងជាងគេ ក្នុងនោះធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់ថវិកា ១៥០លានដុល្លារអាមេរិក ដល់ដៃគូពាក់ព័ន្ធនៅតំបន់អាមេរិកឡាទីន (ទ្វីបអាមេរិកខាងត្បូង) និង តំបន់សមុទ្រការីបៀន (Caribbean) ដើម្បីជួយដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងវីរុស ក៏កាចសាហាវនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះថា កិច្ចប្រជុំស្តីពី វិធានការទប់ស្កាត់ជាសកលលើវីរុស ហ្ស៊ីកា នេះបានរៀបចំឡើងនៅរដ្ឋធានីរបស់ប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះបណ្តាប្រទេសស្ថិតនៅតំបន់អាមេរិកឡាទីន និងការីបៀនមួយចំនួន ក៏បានចូលរួម ដែលមានដូចជាប្រេស៊ីល កូឡុំប៊ី និង គុយបា ផងដែរ។

តាមការគណនារបស់ធនាគារពិភពលោក ផលប៉ះពាល់ដោយសារវីរុស ហ្ស៊ីកា នេះនឹងអាចបំផ្លាញសេដ្ឋកិច្ច បណ្តាប្រទេសនៅទ្វីបអាមេរិកទាំងមូល គិតជាទឹកប្រាក់ ៣,៥ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៦ នេះ។ កាលពីថ្ងៃពុធកន្លងទៅនេះ អង្គការសុខភាពពិភពលោក (WHO) ក៏បានអំពាវនាវរកទឹកប្រាក់ ៥៦លានដុល្លារអាមេរិក ដើម្បីជួយដល់យុទ្ធនាការទប់ស្កាត់វីរុស ដែលបង្កឡើងដោយសត្វមូសនេះផងដែរ៕