(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបើតាមសេចក្តីជូនដំណឹង របស់ព្រឹទ្ធសភា ដែលអង្គភាព Fresh News ទទួលបាន។

សេចក្តីជូនដំណឹងបញ្ជាក់ថា ការអញ្ជើញធ្វើទស្សនកិច្ចរបស់សម្តេច សាយ ឈុំ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ម៉ាសាអាគី យ៉ាម៉ាហ្សាគី ប្រធានព្រឹទ្ធសភាជប៉ុន ហើយទស្សនកិច្ចនោះ ក្រៅតែពីការជួបពិភាក្សាការងារជាមួយ ប្រធានព្រឹទ្ធសភាជប៉ុន សម្តេច សាយ ឈុំ ក៏ជួបពិភាក្សា និងសម្តែងការគួរសមជាមួយ មន្ត្រីជាន់ខ្ពស់ជប៉ុនមួយចំនួនទៀត ដូចជាប្រធានរដ្ឋសភាជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន និងតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនផងដែរ៕