(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ការចូលរួមរបស់សេវាសុខាភិបាលឯកជន គឺពិតជាមានសារសំខាន់ណាស់ ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការជួយបំពេញបន្ថែមនូវភាពអាចទទួលបាន និងងាយទៅទទួលសេវាសុខភាពនៅតាមតំបន់ ឬទីកន្លែងនីមួយៗ ទៅតាមការសម្រេចចិត្តរបស់អ្នកជំងឺ ឬក្រុមគ្រួសារអ្នកជំងឺផ្ទាល់ ក្នុងគោលបំណងរួមគ្នាធ្វើឱ្យមានភាពរីកចម្រើនក្នុងវិស័យសុខភាពសាធារណៈនៅកម្ពុជា។

លោកស្រីបានផ្ដល់ជូនអនុសាសន៍ចំនួន ៧ចំណុច សម្រាប់ការអនុវត្តន៍នៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ ដើម្បីភាពរីកច្រើនក្នុងវិស័យសុខភាពសាធារណៈនៅកម្ពុជា មានដូចជា៖

១៖ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ក៏ដូចជា ជាមួយរាជរដ្ឋាភិបាល ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនអនុញ្ញាតឱ្យសេវាឯកជនពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩ឡើយ និងតម្រូវឱ្យមានការចូលរួមពីសេវាសុខាភិបាលឯកជន ក្នុងការត្រួតពិនិត្យឆែករកករណីសង្ស័យកូវីដ-១៩ ដោយប្រើប្រាស់តាមនិយមន័យសង្ស័យករណីកូវីដ-១៩ នៅពេលដែលមានអតិថិជនមកប្រើប្រាស់សេវានៅកន្លែងរបស់ខ្លួន។

ដោយនេះ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងទៅកាន់ជនរួមជាតិនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ហើយចាំបាច់ត្រូវបញ្ជូនអ្នកដែលសង្ស័យទៅមន្ទីរពេទ្យរដ្ឋ ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល លើវិធានការការពារការចម្លងរោគនៅក្នុងទីកន្លែងរបស់ខ្លួន តាមលិខិតណែនាំលេខ ១០៣ អបស.មព ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ និងលិខិតណែនាំលេខ ១០៤ អបស.មព ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

២៖ សូមលោក លោកស្រីដែលជាម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ កុំធ្វេសប្រហែសឱ្យសោះ នៅពេលផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំជំងឺ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងខិតខំផ្តល់សេវាសុខភាពជូនអតិថិជនឱ្យមានប្រសិទ្ធភាពខ្ពស់ គិតពីការជួយសង្រ្គោះជាមុនទៅតាមបច្ចេកទេសដែលមាន បើហួសពីសមត្ថភាពដែលមិនអាចជួយបាន ត្រូវតែបញ្ជូនអ្នកជំងឺភ្លាមៗទៅបន្តការព្យាបាលនៅកន្លែងដែលមានសមត្ថភាព និងបច្ចេកទេសខ្ពស់ជាង និងចាំបាច់ត្រូវតែមានការដាក់បង្ហាញដល់អតិថិជន នូវតម្លៃសេវាដែលត្រូវបង់ ដើម្បីងាយស្រួលដល់អតិថិជនមានការសម្រេចចិត្តជាមុន។

៣៖ សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជន ត្រូវចេះរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីអនុវត្តជារៀងរាល់ឆ្នាំ ដោយខិតខំរក្សាឱ្យបាននូវតុល្យភាពរវាងបរិមាណ និងគុណភាពបច្ចេកទេស ដែលជាក្តីព្រួយបារម្ភរបស់យើងទាំងអស់គ្នា។

សូមឱ្យម្ចាស់ ឬអ្នកទទួលខុសត្រូវមូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ធ្វើយ៉ាងណាឱ្យមានការបង្កើននូវទំនុកចិត្តជូនដល់អតិថិជនរបស់ខ្លួន ហើយត្រូវចេះរៀបចំទីកន្លែងរបស់ខ្លួន ឱ្យបានសមស្របជាកន្លែងមានអនាម័យស្អាតល្អ មានការចាត់ចែងទទួលអ្នកជំងឺត្រឹមត្រូវ មានការរក្សាទុកដាក់ឯកសារអ្នកជំងឺ និងកាកសំណល់វេជ្ជសាស្ត្រតាមបច្ចេកទេសពេទ្យ ព្រមទាំងការចេញវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវតាមប្រព័ន្ធកុំព្យូទ័រ តាមលិខិតណែនាំរបស់ក្រសួងសុខាភិបាល លេខ ១០២ អបស.មព ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល លេខ ០៤១ អបស.មព ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។

៤៖ ត្រូវចេះអភិវឌ្ឍបច្ចេកវិទ្យាពេទ្យ ដោយប្រើប្រាស់កំព្យូទ័រ ឬ ប្រព័ន្ធអនឡាញ ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការធ្វើការចុះបញ្ជិកាសុំអជ្ញាប័ណ្ណបើកសេវាសុខាភិបាលឯកជន តាមប្រព័ន្ធអេឡិចត្រូនិក នាពេលខាងមុខនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងតាមដានការអនុវត្តន៍ផង និងក៏អាចឆ្ពោះទៅរកការធ្វើការវាយតម្លៃគុណភាព (Accreditation) បានដែរនាពេលអនាគត។

៥៖ ចាំបាច់ ត្រូវមានតារាងតម្លៃសេវា ដាក់បង្ហាញអតិថិជនរបស់ខ្លួន ដោយដាក់នៅកន្លែងដែលងាយស្រួលមើលឃើញ ដើម្បីឲ្យអតិថិជនបានដឹងជាមុននូវតម្លៃសេវា មុននឹងសម្រេចប្រើប្រាស់សេវាណាមួយ ឬក៏សេវាណាដែលតម្រូវឲ្យធ្វើជាចាំបាច់នោះ ។ជាពិសេសក្នុងករណីធ្ងន់ធ្ងរ តម្រូវឲ្យមានការវះកាត់ ត្រវមានការពន្យល់អតិថិជនឲ្យបានច្បាស់លាស់នូវស្ថានភាពជំងឺ និងសេវាដែលត្រូវទទួល ព្រមទាំងតម្លៃដែលត្រូវបង់ ហើយត្រូវតែមានការព្រមព្រៀងទទួលយកសេវា ដោយមានជាកិច្ចសន្យា (ក្នុងករណីចាំបាច់) មុននឹងធ្វើការផ្តល់សេវាចាំបាច់ៗណាមួយនោះ ទោះជាការវះកាត់តូចតាចក៏ដោយ។

៦៖ សូមធ្វើការព្យាបាលអ្នកជំងឺដោយគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ មិនមានការរើសអើង ដោយមានការទទួលខុសត្រូវខ្ពស់ និងបន្តខិតខំពង្រឹងចំណេះដឹងបន្ថែមទៀត ធានាឱ្យទទួលបាននូវការពង្រឹងសមត្ថភាព ដើម្បីពង្រឹងបច្ចេកទេសក្នុងការព្យាបាលជំងឺបានល្អប្រសើរ ព្រមទាំងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាពេទ្យឱ្យ បានសមស្របទាន់សម័យផងដែរ។

៧៖ សូមធ្វើការអំពាវនាវដល់ម្ចាស់ ឬអ្នកទទួលខុសត្រូវមូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ ដែលមាននៅកម្ពុជា ដូចជាមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល មន្ទីរពិសោធន៍ មន្ទីរព្យាបាលមាត់ធ្មេញ មជ្ឈមណ្ឌលកែសម្ផស្ស និងបន្ទប់ពិគ្រោះព្យាបាលជំងឺ សូមមានសាមគ្គីភាពគ្នាល្អ ចូលរួមជាធ្លុងមួយ ស្ម័គ្រចិត្តចូលជាសមាជិកសមាគម អ្នកផ្តល់សេវាសុខាភិបាលឯកជន ឱ្យបានគ្រប់ៗគ្នា។

លើសពីនោះ ត្រូវសហការជាមួយសមាគមនេះ ដើម្បីបានជាកម្លាំងដ៏រឹងមាំសម្រាប់ជួយគ្នាទៅវិញទៅមក និងចែករំលែកបទពិសោធន៍ ក៍ដូចជាព័ត៌មាននានារបស់ក្រសួងសុខាភិបាល ជម្រុញដំណើការសមាគមនេះ ឱ្យមានសកម្មភាពសកម្ម សំដៅរួមគ្នាអភិវឌ្ឍវិស័យសុខាភិបាលឱ្យបានរីកចម្រើនបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ធ្វើឱ្យបានល្អប្រសើរឡើងនូវសុខភាពប្រជាជនទូទៅ ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិបានរុងរឿង។

ការថ្លែងដូច្នេះ របស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ សមាគមអ្នកផ្តល់សេវាកម្មសុខាភិបាលឯកជននៅកម្ពុជា នៅសណ្ឋាគារសាន់វេ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ។

លោកស្រីបានបញ្ជាក់បន្ថែមថា «ក្នុងឱកាសសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក ឥឡូវនេះ ទើបតែបានរៀបចំនៅឆ្នាំ២០២០ ហើយដាក់ឱ្យដំណើរការនៅថ្ងៃនេះ សូមសមាគមចូលរួមលើកស្ទួយ ការគោរពក្រមសីលវិជ្ជាជីវៈសុខាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល»

ក្នុងឱកាសនោះ លោកស្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ស្ថាបនិកសមាគមនេះ ដែលបានចាត់ចែងរៀបចំ សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា រហូតបានដាក់ចេញឱ្យប្រើប្រាស់នាពេលនេះ៕