(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចអន្តរាគមន៍ជួយដោះស្រាយបញ្ហាការងារដល់ពលករធ្វើដំណើរត្រឡប់ពីប្រទេសថៃវិញនោះ តាមរយៈទីភា្នក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមការងារចំនួន២ម៉ឺនកន្លែង លើវិស័យឧស្សាហកម្ម កម្មន្តសាល សេវាកម្ម សំណង់ និងកសិកម្ម ជូនដល់ពួកគេក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័ក។ ការអន្តរាគមន៍នេះ ដើម្បីជួយឱ្យពលករមានការងារធ្វើ ដោះស្រាយជីវភាពគ្រួសារ និងបានជួបជុំគ្រួសារ ព្រមទាំងជៀសវាងការធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃវិញ។

យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា ដើម្បីអន្តរាគមន៍លើការងារនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្កើតក្រុមការងារចុះឈ្មោះ តាមដាន និងឃ្លាំមើលជាប្រចាំពីស្ថានភាពដំណើរវិលត្រឡប់របស់ពលករមកពីប្រទេសថៃ តាមច្រកព្រំដែនសំខាន់ៗ ដើម្បីក្តាប់ព័ត៌មាន ផ្តល់ការគាំទ្រ និងជួយចុះឈ្មោះស្វែងរកការងារធ្វើក្នុងស្រុក បន្ទាប់ពីពួកគេធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយសុវត្ថិភាព។

លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានអះអាថា «ទីភ្នាក់ងារ NEA បានដាក់ចេញនូវយន្តការគាំទ្រ និងត្រៀមផ្តល់ឱកាសការងារប្រមាណ ២ម៉ឺនកន្លែងជាបឋម សម្រាប់ពលករខ្មែរ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក ទៅតាមវិធានអនាម័យ សុខភាព និងការបង្ការសុវត្ថិភាព របស់ក្រសួងសុខាភិបាល»។

លោកបានបន្ថែមថា ការងារដែលបានត្រៀមសម្រាប់ពលករខ្មែរមានគ្រប់ប្រភេទ មានដូចជាវិស័យឧស្សាហកម្ម និងកម្មន្តសាល សេវាកម្ម សំណង់ និងកសិកម្ម។

យោងតាមព័ត៌មានរបស់ NEA បានឲ្យដឹងថា ក្រុមការងារ NEA ក៏បានចុះសហការ សម្របសម្រួល ព្រមទាំងបង្កើតជនបង្គោលទាក់ទងជាមួយអាជ្ញាធររាជធានី-ខេត្ត ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ភូមិ ដើម្បីប្រមូលទិន្នន័យពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយធ្វើបច្ចុប្បន្នភាព និងចងក្រងជាមូលដ្ឋានទិន្នន័យ ដើម្បីងាយស្រួលក្នុងការស្វែងរកព័ត៌មានពីការងារ ព្រមទាំងសំដៅឆ្លើយតបឲ្យទាន់ពេលវេលា ក្នុងការផ្តល់សេវាការងារ និងជួយស្វែងរកការងារធ្វើគ្រប់ប្រភេទ ជូនដល់ពលករ ដែលចង់បានការងារពិតប្រាកដ។

បន្ថែមលើនេះក្រុមការងារ ក៏បានចុះផ្សព្វផ្សាយអំពី សេវាការងារ និងព័ត៌មានទីផ្សារការងារ ឲ្យបានជ្រួតជ្រាបទូលំទូលាយ ដល់បងប្អូនពលករតាមមណ្ឌលចត្តាឡីស័កនីមួយៗ ដោយធ្វើការចងក្រង ប្រមូល ជ្រើសរើសកម្លាំងពលកម្ម និងតម្រូវការកម្លាំងពលកម្មពីគ្រប់ប្រភេទ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ព្រមទាំងផ្តល់ការគាំទ្រ សម្រប សម្រួល ដល់រោងចក្រ សហគ្រាស និងវិនិយោគិន ដើម្បីងាយស្រួលផ្គូផ្គង និងផ្តល់ឱកាសការងារជូន ដល់បងប្អូនពលករដោយផ្ទាល់ទាន់ពេលវេលាផងដែរ។

ក្នុងករណីពលករខកខានមិនទទួលបានព័ត៌មានពី ឱកាសការងារដែលក្រុមការងារ NEA បានចុះទៅផ្សព្វផ្សាយ ដល់ទីតាំងមណ្ឌលចត្តាឡីស័កនោះ អាចទំនាក់ទំនងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទរបស់មជ្ឈមណ្ឌលការងារទាំង១៣កន្លែង ដែលមាននៅតាម បណ្តារាជធានី-ខេត្តមួយចំនួនរួមមាន៖

* មជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១៦ ៣២ ៦៦ ៥៥។
* មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១៦ ៩២ ៦៦ ៥៥/០៥៣ ៧៣ ៣១ ១១។
* មជ្ឈមណ្ឌលការងារខេត្តសៀមរាប ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១៦ ៥៣ ៦៦ ៥៥/០៦៣ ២១០ ២៧៧។
* មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ ទំនាក់ទំនងលេខទូរស័ព្ទ៖ ០៨១ ៨៥ ៦៦ ៥៥
* មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ទំនាក់ទំនងលេខទូរស័ព្ទ៖ ០៧៧ ២៣ ២៣ ៧៨/០១៦ ៧៨ ៦៦ ៥៥/០២៣ ៦៣៣ ៦០០២។
* មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ ទំនាក់ទំនងលេខទូរស័ព្ទ៖ ០១៦ ៨៣ ៦៦ ៥៥/០៦២ ២១ ០២ ៧៧។
* មជ្ឈមណ្ឌលការងារខេត្តព្រៃវែង ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨១ ៧៨ ៦៦ ៥៥/០៤៣ ២១០ ២៧៧។
* មជ្ឈមណ្ឌលការងារខេត្តតាកែវ ទំនាក់ទំនងតាមរយៈទូរស័ព្ទ៖ ០១៦ ៦៧ ៦៦ ៥៥/០៣២ ២១០ ២៧៧។
* មជ្ឈមណ្ឌលការងារខេត្តកំពត ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៥០ ៦៦ ៥៥/០៣៣ ២១០ ២៧៧។
* មជ្ឈមណ្ឌលការងារខេត្តពោធិ៍សាត់ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១០ ៧០ ៦៦ ៥៥/០៥២ ៧៤០ ២៧៧។
* មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៦៤ ៦៦ ៥៥/០៤៤ ៧១៥ ២៧៧។
* មជ្ឈមណ្ឌលការងារខេត្តកំពង់ចាម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៨៥ ៦៦ ៥៥/០៤២ ២១០ ២៧៧។
* មជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១០ ៧៤ ៦៦ ៥៥/០៧៤ ២១២ ២៧៧។
ឬទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖០៧៧ ២៣ ២៣ ៧៨/០១៦ ៧៨ ៦៦ ៥៥ ឬតាម Facebook៖ facebook.com/neakhmer
និងវេបសាយ៖ www.nea.gov.kh