(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងប្រធានក្រុមការងារចុះជួយ ស្រុកកំពង់ស្វាយ ប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជាឃុំចំនួន ៥១នាក់ ក្នុងឃុំព្រៃគុយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។

លោកស្រីបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនៗ ដែលជាសមាជិកគណបក្សប្រជាជនថ្មី បានសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួមក្នុងសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងបើកទ្វារជានិច្ចស្វាគមន៍ចំពោះការ ចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីក្នុងន័យរួបរួមគ្នាកសាងប្រទេសយើង ឲ្យមានការអភិវឌ្ឍ កាន់តែរីកចំរើនថែមទៀត។

លោកស្រីបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ហើយក៏មិនមានការគុំគួនដូចគណបក្សខ្លះនោះទេផ្ទុយទៅវិញយើងនាំគ្នាកសាងប្រទេសយើងឲ្យមានការរីកចម្រើនជឿនលឿនរុងរឿងថែមទៀត យើងទាំងអស់គ្នា ត្រូវពិចារណាមើលលើការជាក់ស្តែងដែលប្រទេសជាតិយើង បានឆ្លងកាត់និងជួបប្រទះព្រឹត្តិការណ៍ដ៏មហន្តរាយនារបបប្រល័យពូជសាសន៍ប៉ុលពត រហូតដល់ថ្ងៃរំដោះ ៧ មករា ១៩៧៩ និងបន្តអូសបន្លាយសង្គ្រាម យ៉ាងយូរដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើនពិសេសការបាត់បង់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដោយសារតែការលូកដៃ ពីសំណាក់ពួកបរទេស។

លោកស្រីបានបន្ថែមថា ប្រទេសជាតិបើគ្មានមេដឹកនាំចេះបត់បែនសមស្រមទៅតាមសភាពការណ៍ជាក់ស្តែង នៃនិន្នាការនយោបាយក្នុង និងនៅលើសកលលោកតើយើងអាចឆ្លងកាត់ព្យុះកំណាចដ៏ឃោរឃៅយង់ឃ្នង នោះរួចបានដែររឺទេ? ដូច្នេះត្រូវតែនាំគ្នាចូលរួមថែរក្សានូវស្ថេរភាព សុខសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចដែលបានឃើញផ្ទាល់ និងខិតខំកសាងសាមគ្គីភាពជាធ្លុងមួយជួយកសាងប្រទេសជាតិ ឲ្យបានឆាប់រហ័សនិងមិនឲ្យពួកបរទេសមកឈ្លានពានបានឡើយ។

ចុងក្រោយលោកស្រី ឃួន ឃុនឌី បានសំណូមពរដល់សមាជិកគណបក្សប្រជាជនម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា និងជួយពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ របស់នៅតាមខ្នងផ្ទះរាប់ទាំង សាច់ញាតិរបស់ខ្លួនផងដែរ ឲ្យពួកគាត់នាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះ អោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង។

ជាមួយគ្នានេះដែរ លោកស្រី និងក្រុមការងារបានផ្តល់នូវសារ៉ុង និងសាប៊ូដល់អ្នកចូលរួមផងដែរ៕