(កោះកុង)៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានដឹកនាំគណៈបញ្ជាការឯកភាពខេត្តកោះកុង និងស្រុកថ្មបាំង ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានដឹកនាំកម្លាំងចម្រុះ រួមមាន កម្លាំងអាវុធហត្ថ កម្លាំងនគរបាល មន្ទីរបរិស្ថាន និងមានការចូលពីអង្គការសម្ព័ន្ធសត្វព្រៃ បានចុះរុះរើខ្ទមចំនួន៥ និងការកាប់ទន្ទ្រានដីរដ្ឋយ៉ាងអនាធិបតេយ្យ ស្ថិតនៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ពោលក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង។

លោក សុខ សុទ្ធី បានឲ្យដឹងថា ការចុះអនុវត្តន៍វិធានការរបស់រដ្ឋបាលខេត្ត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានកាប់ទន្ទ្រាន និងសង់ខ្ទមលើកដីរបស់ឧទ្យានជាតិជាអនាធិបតេយ្យដោយគ្មានការអនុញ្ញាតនោះ គណៈបញ្ជាការឯកភាពខេត្ត ស្រុកត្រូវមានវិធានទប់ស្កាត់មិនអនុញ្ញាតបន្តទៀតឡើយ ហើយអាជ្ញាធរត្រូវតែអនុវត្តន៍ច្បាប់ជាបន្ទាន់ មិនឲ្យរីករាលដាល់បន្តទៀតឡើយ ពីព្រោះដីតំបន់នេះតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង។

លោក សុខ សុទ្ធី បានបន្ថែមថា រដ្ឋបាលអាជ្ញាធរខេត្តស្រុក បានអញ្ជើញគាត់ទាំង៥គ្រួសារ មកធ្វើការណែនាំធ្វើកិច្ចសន្យាដល់ពួកគាត់ចំនួន៤-៥ដងមកហើយ មុននឹងក្រុមការងារចុះអនុវត្តន៍ច្បាប់ក្នុងការរុះរើខ្ទមទាំង៥នេះ ដោយមិនអនុញ្ញាតឲ្យសាងសង់ និងកាប់ទន្ទា្រនដីព្រៃរបស់រដ្ឋបន្តឡើយ។

អភិបាលរងរូបនោះ បានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋទាំង៥គ្រួសារនេះ អាជ្ញាធរបានអញ្ជើញឲ្យទៅរស់នៅលើដីគម្រោងរបស់សហគមន៍ដែលគ្រោងទុកសម្រាប់ដោះស្រាយ ឲ្យប្រជាពលរដ្ឋរបង្កើតដំណាំកសិកម្ម ជាបណ្តោះអាសន្នសិនរង់ចាំអាជ្ញាធរទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋ និងចុះឈ្មោះជូនឲ្យគាត់មានដីរស់នៅស្របច្បាប់ បើសិនបងប្អូនត្រូវបានអាជ្ញាធររកឃើញថា មិនមានដីប្រាកដមែននោះ៕