(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤២ ឆ្នាំនៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបប ប៉ុល ពត ព្រមទាំងក្នុងឱកាសឆ្លងឆ្នាំថ្មី ២០២១ នេះផង ទើបលោកឧកញ៉ា ហ៉ីង បញ្ញារិទ្ធិ និងលោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ ដាណា ទ្រី បាននាំយកអំណោយទៅឧបត្ថម្ភ និងជាការលើកទឹកចិត្តដល់កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងបំពេញភារកិច្ចការរក្សាសុខសុវត្ថិភាពបានល្អក្នុងមូលដ្ឋាន។

ការប្រគល់-ទទួលអំណោយខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ អំណោយដែលប្រគល់ជូនក្នុងពេលនោះ រួមមាន៖ អង្ករចំនួន ៥តោន មីម៉ាម៉ាចំនួន ១០០ កេស ទឹកស៉ីអ៉ីវ ១០០ យួរ និងថ្លៃកាត់សម្លៀកបំពាក់ឯកសណ្ឋានក្នុងម្នាក់ ១ ឈុត ព្រមទាំងថវិកា ៥០,០០០ រៀលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានថ្លែងអំណរគុណដល់លោកឧកញ៉ា និងលោកស្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំង ដែលប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោកមេបញ្ជការក៏បានជូនពរលោកឧកញ៉ា និងលោកស្រី ព្រមទាំងបុត្រាបុត្រី ឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕