(កណ្ដាល)៖ ទណ្ឌិតចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល បានលួចរត់ចេញពីគុក នៅវេលាម៉ោង១០យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ប៉ុន្តែភ្លាមៗនោះ ម្នាក់ក្នុងចំណោមពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីសមត្ថកិច្ចដល់បណ្តាញព័ត៌មាន Fresh News។

ប៉ូលិសបាននិយាយថា ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ទណ្ឌិត៤នាក់ ដែលកំពុងរត់គេចខ្លួននោះ ដែលទណ្ឌិតទាំងនេះ មានម្នាក់ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង៣នាក់ទៀតពាក់ព័ន្ធនឹងករណីលួច និងលួចមានស្ថានភាពទម្ងន់ទោស។

ជុំវិញករណីនេះ លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ពុំអាចទំនាក់ទំនងបានឡើយដោយសារលោកពុំទទួលទូរស័ព្ទ ខណៈភ្នាក់ងារ Fresh News ព្យាយាមទាក់ទងជាច្រើនលើកតាមរយៈទូរស័ព្ទ៕