(បន្ទាយមានជ័យ)៖ លោក លឹម សុថេត ទីប្រឹក្សាផ្ទាល់របស់ នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន បាននាំយកអំណោយសប្បុរសជននៅសហរដ្ឋអាមេរិក មកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៧១ គ្រួសារ ដែលខ្វះខាតស្បៀងក្នុងពេលជួបវិបត្តិជំងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ ព្រមទាំងការសាកសួរសុខទុក្ខចំពោះប្រជាពលរដ្ឋផងដែរ។

ការប្រគល់អំណោយនេះធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅបរិវេណវត្តសេនាប្រជុំពលភ្នៀត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម ទឹកស៉ីអ៉ីវ ១យួរ ទឹកត្រី ៣ដប មី ១កេស។ បន្ថែមពីនេះ លោក លឹម សុថេត ក៏បានប្រគេនអង្ករ ៣០០គីឡូក្រាម មី ២កេស ទឹកស៉ីអ៉ីវ ២យួរ ទឹកត្រី ២យួរ និងបច្ច័យចំនួន ២០០ដុល្លារ ប្រគេនព្រះសង្ឃសម្រាប់កសាងវត្ត ព្រមទាំងបានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃចំនួន ២៣អង្គ និងប្រគេនបច្ច័យក្នុងមួយអង្គៗ ២០,០០០រៀល៕