(ស្វាយរៀង)៖ សាលាបឋមសិក្សាស្វាយជ្រំ ស្ថិតក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គឺជាសាលាគំរូមួយដែលមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅ ដោយបានរៀបចំទីធ្លាមានបរិស្ថានល្អ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សចូលរួមដាំបន្លែជាច្រើនប្រភេទ ចិញ្ចឹមត្រី ដាំដើមឈើ ធ្វើឲ្យសាលាមួយនេះពោរពេញទៅដោយទេសភាពល្អដ៏ត្រកាល ជាទីទាក់ទាញដល់សិស្សានុសិស្សក្នុងការសិក្សា។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ លោកគ្រូ ចាន់ សំអន មានវ័យ៤២ឆ្នាំ ជានាយកសាលាបឋមសិក្សាស្វាយជ្រំ បានឲ្យដឹងថា សាលានេះបង្កើតឡើងនៅឆ្នាំ១៩៥៣ ដែលមានឈ្មោះដើមថា «សាលាបឋមសិក្សាដុកផង់»។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាលាបឋមសិក្សាដុកផង់ បានប្ដូរឈ្មោះមកជាសាលាបឋមសិក្សាស្វាយជ្រំវិញ។

បច្ចុប្បន្នសាលាបឋមសិក្សាស្វាយជ្រំមានអគារសិក្សា ៦ ខ្នងស្មើនឹង ២៦បន្ទប់ មានសិស្សសរុប ១,០០១ នាក់ (ស្រី ៤៩៦នាក់) មានគ្រូសរុប ៣២នាក់ (ស្រី ២៥នាក់) ដែលចែកចេញជាពីរកម្រិត គឺមត្តេយ្យ និងបឋម។

លោកគ្រូបានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០១៩-២០២០ សាលាបានទទួលពានរង្វាន់ធំៗចំនួន ៣៖ ទី១. ពានរង្វាន់អមដោយមេដាយមាសជាសាលាមេត្រីបរិស្ថានកម្ពុជា ពីក្រសួងបរិស្ថាន។ ទី២. ពានរង្វាន់មាសសាលាមេត្រីបរិស្ថានអាស៊ាន ទី៣. ពានរង្វាន់សាលាស្អាតពីសម្ដេចតេជោ ហ៊ុន សែន ចំណាត់ថ្នាក់លេខ ១។

លោកនាយកបានបន្តថា សាលាក៏មានសកម្មភាពមួយចំនួនផ្សេងទៀត ដូចជា ការដាំបន្លែ ចិញ្ចឹមត្រី ដាំដើមឈើ ធ្វើជីកំប៉ុស្តសម្រាប់ស្រោចដំណាំ និងប្រមូលសំរាមក្នុងបរិវេណសាលាជាដើម ហើយសកម្មភាពទាំងនេះគឺជាការងាររួមដែលសាលាតម្រូវឲ្យសិស្សចាប់ពីថ្នាក់ទី៤ ដល់ទី៦ ត្រូវអនុវត្តនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ហើយចាត់ទុកជាមេរៀនបំណិនជីវិត។

លោកបានបន្ថែមថា បន្លែដែលដាំដោយសិស្សានុសិស្សនោះ មានដូចជាពោតបារាំង ត្រកួន និងស្ពៃជាដើម លើផ្ទៃដី ១០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ហើយក៏មានស្រះចិញ្ចឹមត្រីចំនួន ៣ ផងដែរ ដោយសកម្មភាពទាំងនេះគោលបំណងដែលសាលាឲ្យសិស្សធ្វើការងារកសិកម្មនេះ គឺដើម្បីឲ្យក្មេងៗអាចស្វែងយល់ពីសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ ចេះដាំដំណាំ និងចូលរួមថែរក្សាបរិស្ថានផងដែរ។ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ អាចបេះបន្លែ និងចាប់ត្រីដែលដាំនៅក្នុងសាលាទៅបរិភោគបាន ដោយមិនចាំបាច់បង់ថ្លៃនោះទេ។ បន្លែ និងត្រីមួយផ្នែក ត្រូវប្រមូលផលយកទៅលក់នៅផ្សារ ដើម្បីយកលុយមកទិញគ្រាប់ពូជដាំបន្ថែមទៀត។

លោកគ្រូបានបន្ថែមថា ទិសដៅបន្តនៅពេលខាងមុខសាលាបឋមសិក្សាស្វាយជ្រំ នឹងខិតខំកែលម្អបរិស្ថានសាលារៀនបន្ថែមទៀតនឹងបន្តទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ និងសប្បុរសជននានា ដើម្បីកៀរគរថវិកាមកកែលម្អបរិស្ថានសាលារៀន ព្រមទាំងខិតខំបន្តពង្រឹងគុណភាពបង្រៀន និងរៀន ដើម្បីឲ្យសិស្សានុសិស្សទទួលការសិក្សាប្រកបដោយគុណភាព ប្រសិទ្ធភាព និងបរិយាប័ន្ន និងឈានទៅទទួលបានជានាយកល្អពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់សាលាសេវាសាធារណៈគំរូនាឆ្នាំសិក្សា ២០២០-២០២១។

លោកបានបន្តថា ទន្ទឹមនឹងការរីកចម្រើននេះក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ក្នុងនោះសាលាខ្វះអគារសិក្សាដោយសិស្សមានចំនួនច្រើន និងអគារសិក្សា ១ខ្នង ៥បន្ទប់ ស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមមានទ្វារ បង្អួចពុក។ ខ្វះថវិកាគ្រឿងសំណង់ចំនួនជាង ៤,០០០,០០០រៀល ថ្លៃរៀបការ៉ូឡាខាងក្រៅរបងសាលា។

លោកនាយកសាលាក៏បានអំពាវនាវដល់គណៈកម្មការទី៧ នៃរដ្ឋសភា មេត្តាជួយផ្ដល់អគារសិក្សាមួយខ្នងពីរជាន់ស្មើនឹង ១០ បន្ទប់ព្រមទាំងជួយជួសជុលអគារ សិក្សា ១ ខ្នងស្មើនឹង ៥បន្ទប់ ព្រមទាំងផ្ដល់ថវិកាសងថ្លៃគ្រឿងសំណង់ផងដែរ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាតតាមរយៈរូបភាព ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ខែ ដោយបានផ្តល់ឱកាសដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ទូទាំងប្រទេស ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី១២ ចូលរួមប្រកួតប្រជែងបង្ហាញស្នាដៃ។

ការផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើងក្នុងគោលដៅលើកទឹកចិត្តគ្រឹះស្ថានសិក្សាទាំងអស់ ឱ្យយកចិត្តទុកដាក់រៀបចំបរិស្ថានសាលាឱ្យបានស្អាត មានអនាម័យមានខ្យល់អាកាសល្អបរិសុទ្ធ អំណោយផលដល់ការសិក្សារបស់សិស្សានុសិស្ស ដែលជាចំណែកមួយក្នុងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ជ័យលាភីនឹងប្រកាសជារៀងរាល់ខែ ដោយសាលាដែលមានបរិស្ថានសាលារៀនស្អាតជាងគេ គោរពតាមលក្ខខណ្ឌដែលបានកំណត់ នឹងទទួលបានលិខិតបញ្ជាក់ជ័យលាភីពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕