(ភ្នំពេញ)៖ រថយន្តសង្គ្រោះបន្ទាន់ទី៤៤ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវប្រគល់ជូនដល់មន្ទីរពេទ្យបង្អែក១៦មករា ខេត្ដព្រះវិហារហើយ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ តាមរយៈ លោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀករតនា ដើម្បីទុកសម្រាប់ទុកបម្រើសេវាសុខភាពជូនពលរដ្ឋកាន់តែប្រសើរ។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅសណ្ឋាគារ សាន់ អ៊ែនមូន។

លោកវេជ្ជបណ្ឌិត ស៊ុម ស៊ិញ អនុប្រធានមន្ទីរសុខាភិបាលខេត្ដព្រះវិហារ បានថ្លែងថា ដោយសារស្ថានភាពនៅមន្ទីរសុខាភិបាលខេត្ដព្រះវិហារ មានការខ្វះខាត រថយន្ដសង្គ្រោះបន្ទាន់សម្រាប់ដឹកជញ្ជូនអ្នកជំងឺពីព្រះវិហារ ទៅកាន់រាជធានីភ្នំពេញ និងទៅកាន់ខេត្ដសៀមរាប ដូច្នេះរថយន្ដសង្គ្រោះបន្ទាន់នេះ នឹងចូលរួមចំណែកយ៉ាងច្រើន ក្នុងការសង្គ្រោះជីវិតពលរដ្ឋយើងបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត បានថ្លែងបន្ដថា «ក្នុងនាមខ្ញុំ តំណាងឱ្យខាងមន្ទីរសុខាភិបាលខេត្ដ និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់រថយន្ដនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់មន្ទីរសុខាភិបាលយើង ក្នុងការដឹកជញ្ជូនអ្នកជំងឺ ។យើងខ្ញុំនឹងយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ឋានៈ មានក្រ អ្វីឡើយ»

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ប្រកបដោយសប្បុរសធម៌របស់លោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀក រតនា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់សង្គមជាតិកន្លងមកនេះ និងបន្ដទៅថ្ងៃអនាគត។

ជាមួយគ្នានោះ លោកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថា រថយន្តសង្គ្រោះបន្ទាន់ទី៤៤ ដែលបានប្រគល់ជូនមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារនេះ «ខ្ញុំបាទសង្ឃឹមថា រថយន្តនេះនឹងអាចជួយសម្រួលដល់ប្រជាពលរដ្ឋនៅទីនោះបាន»