(កោះកុង)៖ អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង បានខិតខំរៀបចំកែលម្អសោភ័ណភាពនៅតាមផ្លូវសាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមានការដាក់ភ្លើងបំភ្លឺនៅដងផ្លូវ ទីប្រជុំជន និងតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងបានជំរុញឱ្យប្រជាពលរដ្ឋបង្កើនការដាំដុះដំណាំកសិកម្ម ចិញ្ចឹមមាន់-ទា សម្រាប់ដោះក្នុងជីវភាពគ្រួសារ។ ស្រុកបូទុមសាគរ ជាស្រុកមួយស្ថិតនៅពាក់កណ្តាលដងផ្លូវជាតិលេខ ៤៨ ក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងថា ការរៀបចំដាក់អំពូលភ្លើងនៅតាមដងវិថីសាយភូថង ផ្លូវសាធារណៈ ទីប្រជុំជន និងតាមផ្លូវនានានេះ គឺប្រើអំពូលសូឡាជាង ២០០ អំពូល ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ មិនតែប៉ុណ្ណោះ អាជ្ញាធរបានបំពាក់នៅឧបករណ៍ហាត់ប្រាណ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។ លោកថា ទាំងអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តកោះកុង បានជួយកែសម្រួលផ្លូវបេតុងក្រួសក្រហម ស្ពាន ប្រព័ន្ធផ្លូវទឹកជាច្រើនកន្លែង ដើម្បីឲ្យប្រជាពលរដ្ឋសម្រួលចរាចរណ៍ចេញចូលក្នុងមូលដ្ឋានបានស្រួលទៀតផង។

លោកបានជំរុញឲ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានបង្កើនការដាំដុះដំណាំកសិកម្ម ចិញ្ចឹមមាន់ទា ហើយលោកនឹងផ្តល់ពូជជូនពួកគាត់ទៀតផង ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះលោក និងលោកស្រីអភិបាលខេត្ត បានផ្តល់ពូជមាន់ចំនួន ៥៥០ ក្បាលជូនប្រជាពលរដ្ឋផងដែរ។

លោកបានបញ្ជាក់ថា សូឡាមានចំនួនជាង ២០០ អំពូល និងឧបករណ៍លំហាត់ប្រាណ ភ្លើងបំភ្លឺតាមដងសាធារណៈទីប្រជុំនេះ គឺលោកបានមកពីទឹកចិត្តសប្បុរសជនដែលបានជួយឧបត្ថម្ភកន្លងមក ក្នុងនោះក៏មានការឧបត្ថម្ភពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ខណៈអាជ្ញាធរនឹងខិតខំកៀរគរសប្បុរសជនបន្ថែមទៀត ដើម្បីដាក់ភ្លើងបំភ្លឺនៅតាមមូលដ្ឋានៅដាច់ស្រយាល។

លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ដើម្បីសោភ័ណភាពក្នុងស្រុកទាំងមូល និងត្រូវចូលថែរក្សាសុខភាព ការពារជំងឺឆ្លងកូវីដ១៩ កុំមានឆ្លងចូលសហគមន៍ឲ្យសោះ៕