(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងក្រសួងការពារជាតិ ទទួលបន្ទុកការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានញ្ជាក់ថា នយោបាយឈ្នះឈ្នះ បានបង្រៀនឲ្យក្មេងជំនាន់ក្រោយ ឱ្យប្រើកុំព្យូទ័រជំនួសការប្រើកៃកាំភ្លើង។

ការបញ្ជាក់បែបនេះរបស់ ឧត្តមសេនីយ៍ឯក គឹម រស្មី បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសកម្មភាពការណ៍ថ្មីៗ វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានលើកពីគោលការណ៍នយោបាយឈ្នះឈ្នះ រួមមាន ១១ចំណុច ក្នុងចំណុចទី៥ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នយោបាយឈ្នះឈ្នះ បានបង្រៀនឲ្យក្មេងជំនាន់ក្រោយប្រើកុំព្យូទ័រ ជំនួសការប្រើកៃកាំភ្លើង»

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ គឹម រស្មី បានឱ្យដឹងថា សម្រាប់រយៈពេល១២ខែ ឆ្នាំ២០២០ មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ចំណុះឲ្យអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្ស ស្របតាមផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលជាវិស័យអទិភាពមួយក្នុងចំណោមវិស័យអទិភាពទាំង៤ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

នាយទាហានជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានបន្តថា នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងពីស្នាដៃនៃប្រតិបត្តិករមួយរូបដែលបានចូលរួមជាមួយសម្តេចតេជោ ក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ រហូតសម្រេចបានជោគជ័យ នាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍរមកទល់សព្វថ្ងៃ គឺសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បច្ចុប្បន្នសម្តេចបាននិងកំពុងបំពេញភារកិច្ចជូនជាតិ សាសនា ព្រះមហាក្សត្រ នៃយើងប្រកបដោយភាពស្មោះត្រង់បំផុត។

ថ្លែងនៅក្នុងអង្គពិធីនោះ ឧត្តមសេនីយ៍ឯក គឹម រស្មី បានសម្ដែងនូវការអបអរសាទរប្រកបដោយក្តីកត្តញ្ញូ នៃខួបគម្រប់២២ឆ្នាំ (២៩.ធ្នូ.១៩៩៨-២៩.ធ្នូ.២០២០) នៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ការបង្រួមបង្រួមជាតិ និងការឯកភាព ទឹកដី ដែលពុំធ្លាប់កើតមានក្នុងរយៈពេលជាង៥០០ឆ្នាំ នៃប្រវត្តិសាស្រ្តបែកបាក់ជាតិ និងសង្រ្គាមផ្ទៃក្នុងរបស់កម្ពុជា។ និយាយជារួមនយោបាយយឈ្នះ-ឈ្នះ គឺជាឱសថទិព្វ បង្កើតបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍដែលបានបង្កើតឱ្យមានកាលានុវត្តិភាពថ្មីមួយ សម្រាប់រដ្ឋាភិបាលរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញជាលើកដំបូងនូវនយោបាយ យុទ្ធសាស្រ្តត្រីកោណ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨ ក្នុងអាណត្តិទី២ នៃរដ្ឋសភា ហើយក៏បានបន្តពង្រីកនូវគោលនយោបាយ និងកម្មវិធីនយោបាយអភិវឌ្ឍជាតិរឹងមាំមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធសាស្រ្តចតុកោណជាបន្តបន្ទាប់រហូតមក។

បន្ថែមពីនេះ សមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត នៃនយោបាយឈ្នះឈ្នះ ដែលកើតឡើងក្នុងថ្ងៃទី ២៩ ធ្នូ ដូចគ្នានេះ គឺដំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាចាប់ផ្តើមដំណើរការ ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ចំថ្ងៃខួបលើកទី២២ ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។

ពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះនេះ លោកឧត្តមសេនីយ៍ឯក បានធ្វើសេចក្តីពន្យល់លម្អិត៖
១៖ គោលការណ៍គន្លឹះសម្រាប់ធានាសុវតិ្ថភាពបីយ៉ាង៖
ក. ការធានានូវសុវតិ្ថភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់ សង្គ្រាម និងការប្រយុទ្ធ ហើយវិលត្រឡប់មករួមរស់ នៅក្នុងចរន្តគោលនៃសង្គមជាតិវិញ។
ខ. ការធានានូវសុវតិ្ថភាពខាងផ្នែកអាជីព ដោយផ្តល់ជូនអ្នកទាំងនោះនូវលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹមជីវិត ដែលគេធ្លាប់មានកន្លងមក។
គ. ការធានានូវសុវតិ្ថភាពខាងផ្នែកកម្មសិទិ្ធដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមក ដោយ គ្មានការដកហូត ឬរុះរើ។

២៖ នយោបាយឈ្នះឈ្នះ៖ គឺធម៌ខន្តី និងសិល្បៈសម្បទាននៃទស្សនវិជ្ជាសន្តិភាព ដែលស្ថិតក្នុងយុទ្ធសាស្ត្របញ្ចប់សង្រ្គាមស៊ីវិល យុទ្ធសាស្ត្រប្រឆាំងនឹងសង្គ្រាមឈ្លប ឬឧទ្ទាមកម្ម ហើយយុទ្ធសាស្ត្របែបនេះបានបន្តអនុវត្តរហូតមក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការចាត់វិធានការបង្ការ និងបង្ក្រាបភេរវកម្មពេលក្រោយមកទៀត។

៣៖ នយោបាយឈ្នះឈ្នះ៖ គឺជាយុទ្ធសាស្ត្រនយោបាយគួបផ្សំយោធាមួយ ដែលបានប្រយុទ្ធតស៊ូដើម្បីឈានទៅរក និងទទួលបាននូវសន្តិភាពដោយកម្លាំងកម្ពុជាខ្លួនឯង បញ្ចៀសមិនមានការប្រើប្រាស់អាវុធប្រយុទ្ធបាញ់វាយប្រហារគ្នា។ នយោបាយនេះពុំបានផ្អែកលើកិច្ចព្រមព្រៀងជាលាយល័ក្ខអក្សររវាងភាគីណាមួយឡើយ ហើយក៏ពុំមានអន្តរាគមន៍ពីប្រទេសក្រៅ ឬបើកការចរចាខ្ទរខ្ទារ និងពុំចាំបាច់ពឹងផ្អែកលើទីតាំងប្រទេសដទៃ តាមរយៈជនបរទេសដែរ ពោលគឺភាគីជម្លោះក្នុងប្រទេសមួយត្រូវជួបគ្នា ជជែកគ្នាពិភាក្សាដោះស្រាយបញ្ហាដោយផ្ទាល់ ដោយការយោគយល់សម្រុះសម្រួលគ្នា។

៤៖ នយោបាយឈ្នះឈ្នះ៖ គឺការបង្កើតជំនឿការទុកចិត្តគ្នាទៅវិញទៅមក។ នោះគឺការទទួលស្គាល់ថា នៅក្នុងការធើ្វសង្គ្រាមបំផ្លិចបំផ្លាញ ប្រាកដជាមិនអាចមានអ្នកឈ្នះនោះទេ ហើយការចងអាឃាតព្យាបាទ ក៏មិនអាចនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនបានដែរ។ ការមិនសងសឹកចងអាឃាតព្យាបាទគ្នាពីសំណាក់ប្រជាជន ដែលធ្លាប់រស់នៅតំបន់កាន់កាប់ផ្សេងគ្នា និងពីសំណាក់កម្លាំងប្រដាប់អាវុធដែលធ្លាប់តែប្រយុទ្ធគ្នា គឺជាមូលហេតុដ៏សំខាន់មួយទៀត ដែលបង្កលក្ខណៈឲ្យអនុវត្តការបញ្ចប់សង្គ្រាមបានដោយជោគជ័យ ឧទាហរណ៍នៅកម្ពុជា ចំណុចល្អពិសេសគឺ ការមិនសងសឹកគ្នា មិនចាត់ទុកគ្នាថា ជាអ្នកចាញ់ ឬអ្នកឈ្នះ តែគឺឈ្នះទាំងអស់គ្នា។ សន្តិភាព និងការបង្រួបបង្រួមជាតិគឺសម្រាប់ទាំងអស់គ្នា ដូច្នេះហើយបានជាព្រំដែនផ្ទៃក្នុងរវាងតំបន់មួយទៅតំបន់មួយទៀតត្រូវបានរំលាយចោល ប្រជាជនទៅមក រកគ្នា។ ជាតិសាសន៍មានតែមួយ ហើយទទួលបាននូវការអភិវឌ្ឍ និងផលប្រយោជន៍ដូចគ្នា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងច្បាប់តែមួយ រដ្ឋាភិបាលតែមួយ។ រីឯកម្លាំងប្រដាប់អាវុធដែលធ្លាប់តែច្បាំងគ្នា ក៏វិលមករស់នៅជាមួយគ្នា ដោយគ្មានការបែងចែក ឬរើសអើងក្នុងឯកសណ្ឋាន និងទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជនដូចគ្នា។

៥៖ នយោបាយឈ្នះឈ្នះ៖ គឺការបំបាត់ការរើសអើងខាងជាតិសាសន៍ និងសាសនា ហើយប្រែក្លាយសង្គមឲ្យចេញផុតពីសង្គ្រាម ដើម្បីមានសន្តិភាព ឲ្យសាមគ្គីរួបរួមគ្នាធើ្វការអភិវឌ្ឍដោយមានសេរីភាព និងមូលដ្ឋាន ជំនឿរៀងៗខ្លួន ទាំងពុទ្ធសាសនា គ្រឹស្តសាសនា សាសនាអ៊ីស្លាមជាដើម។ «ក្មេងជំនាន់ក្រោយបានរៀនសរសេរ រៀនប្រើកុំព្យូទ័រជំនួសការប្រើកៃកាំភ្លើង»។ ប្រទេសកម្ពុជាបានផ្លាស់ប្តូរពីការកាប់សម្លាប់គ្នាទៅជាការជួយគ្នាទៅវិញទៅមក ពីការបំផ្លាញទៅជាការកសាង ពីការភ័យខ្លាចទៅជាការសប្បាយ ហើយការបែកបាក់គ្នាទៅជាការបង្រួបបង្រួមគ្នា។

៦៖ នយោបាយឈ្នះឈ្នះ៖ គឺការបើកទ្វារអភិវឌ្ឍអតីតតំបន់ដែលធ្លាប់បែងចែកការគ្រប់គ្រងគ្នា និងតំបន់ដាច់ ស្រយាល ឲ្យជឿនលឿនអភិវឌ្ឍលើគ្រប់វិស័យ ដោយផ្សារភ្ជាប់មករាជធានីភ្នំពេញជាបេះដូង នៃព្រះរាជា ណាចក្រកម្ពុជាតែមួយ តាមរយៈវិធានការនិងគោលនយោបាយសំខាន់ៗ ដើម្បីភ្ជាប់គម្លាតពីជនបទមក ទីក្រុង ហើយទទួលនូវប្បធម៌សេដ្ឋកិច្ចដោយសមធម៌។

៧៖ នយោបាយឈ្នះឈ្នះ៖ គឺការផ្តល់នូវយុតិ្តធម៌សម្រាប់សង្គម ក្រោយពីការរក្សាឲ្យបាននូវសុវតិ្ថភាព និងសន្តិភាព។ យើងសង្កេតឃើញថា តាមសភាពការណ៍ជាក់ស្តែង បើគ្មានសន្តិភាពទេ អំពើហិង្សា ជម្លោះនៅតែមាន ហើយសម្រាប់យុតិ្តធម៌ និងប្រជាធិបតេយ្យ ក៏ជួបការលំបាកស្មុគស្មាញ ដើម្បីប្រតិបតិ្តនៅក្នុងសង្គមមួយ។ រាជរដ្ឋាភិបាលក៏ពុំបានរំលងនូវបញ្ហាយុតិ្តធម៌ដែរ។ វិចារញាណ និង សីលធម៌ មិនអនុញ្ញាតឲ្យអំពើឧក្រឹដ្ឋប្រល័យពូជសាសន៍យ៉ាងឃោរឃៅដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា នៅក្នុងរយៈពេល គ្រប់គ្រងរបស់ពួកមេខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់១៩៧៩កន្លងផុតទៅ ដោយគ្មានអ្នកទទួលខុសត្រូវនោះឡើយ។ មេក្លោងកំពូលៗនៃបទឧក្រឹដ្ឋនេះ ត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ និងប្រជាជន។ នេះគឺជាការទាមទារនៃគតិយុតិ្តធម៌ និងជាការព្រមានយ៉ាងមានប្រសិទ្ធភាពចំពោះអ្នកដឹកនាំដទៃទៀត ដែលមានភារកិច្ចទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ និងប្រជាជននាពេលអនាគត។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្តជម្រុញកិច្ចដំណើរការកាត់ទោសមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម ឲ្យប្រព្រឹត្តទៅដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។

៨៖ នយោបាយឈ្នះឈ្នះ៖ គឺការបើកផ្លូវឲ្យមនុស្សមានការជ្រើសរើស មានកី្តសង្ឃឹម គឺជាឧត្តមភាពពិសេសនៃការសម្រេចចិត្តមករួមរស់ក្នុងសង្គមជាតិ ដើម្បីកសាងសន្តិភាព និងអភិវឌ្ឍជាតិ ដូចអ្នកតាក់តែងគោលនយោបាយបច្ចុប្បន្នបានយល់ឃើញដោយឯកភាពគ្នាថា នៅក្នុងសណ្តាប់ធ្នាប់ នៃពិភពលោកថ្មីនេះ ខ្សែបន្ទាត់រវាងសន្តិភាព និងសង្គ្រាម គឺស្រពិចស្រពិល និងមិនច្បាស់លាស់ ព្រោះបើតាម និយមន័យ អំពីសង្គ្រាម មានចម្លើយជាច្រើនចំពោះសំនួរថា អី្វជាសង្គ្រាម? នោះគឺអ្នកដែលកាន់អាវុធប្រយុទ្ធ រហូតដល់ពេលខ្លះធើ្វអត្តឃាត គឺជាជម្រើសដែលគ្មានអី្វផ្សេងក្រៅពីនោះ។ តែសម្រាប់ការបញ្ចប់សង្គ្រាមទាំងអស់គ្នា បញ្ឈប់ការប្រយុទ្ធដោយស្ម័គ្រចិត្ត ហើយដាក់កី្តសង្ឃឹមចំពោះអនាគតក្នុងសង្គម។

៩៖ នយោបាយឈ្នះឈ្នះ៖ គឺការបង្កើតឡើងនូវទស្សនៈជាតិនិយមត្រឹមត្រូវមួយ ដោយសារការរួបរួមបន្ទាប់ពីជម្លោះផ្ទៃក្នុង។ អំពីទស្សនៈជាតិនិយមនេះ មានច្រើនបែបដូចជា ទស្សនៈជាតិនិយមចង្អៀតចង្អល់ ឬជាតិនិយមជ្រុលដូចដែលរបបកម្ពុជាប្រជាធិបតេយ្យបានអនុវត្តកន្លងមក ដែលធើ្វឲ្យមានការបែងចែក រើសអើង រហូតដល់ការបោសសំអាតកាប់សម្លាប់គ្នាឯង និងបណ្តុះគំនិតអរិភាពប្រឆាំងជាមួយប្រទេសជិតខាង បង្កជម្លោះ និងទំនាស់មិនចប់។ ចំពោះទស្សនៈជាតិនិយមត្រឹមត្រូវ គឺជាភាពចាស់ទុំខាងនយោបាយ និងការដឹកនាំត្រឹមត្រូវតាមផ្លូវច្បាប់ ហើយគេបានឃើញច្បាស់នូវទស្សនៈនេះ នូវជំហរប្រទេសជាតិ និងការប្រកាន់ឥរិយាបថរបស់ប្រជាជន ក្នុងដំណើរការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ដែលប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ដោយបរិយាកាសនយោបាយរបស់ថៃ នៅក្នុងខែកក្កដា ឆ្នាំ២០០៨។

១០៖ នយោបាយឈ្នះឈ្នះ៖ គឺជាការបង្កលក្ខណៈ និងបើកឱកាសឲ្យកងយោធពលខេមរភូមិន្ទ អាចរៀបចំខ្លួនជាអង្គភាពមានវិជ្ជាជីវៈច្បាស់លាស់ថែមទៀត នៅក្នុងកិច្ចការការពារ និងកសាងមាតុភូមិកម្ពុជា ជាពិសេស គឺការបំពេញភារកិច្ចក្នុងវិស័យអំណាចទន់ ដូចជាការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធារាសាស្ត្រ សង្គ្រោះពេលមានគ្រោះមហន្តរាយ និងរួមវិភាគទានក្នុងនយោបាយការបរទេសរបស់កម្ពុជា តាមរយៈបេសកកម្មមនុស្សធម៌រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

១១៖ នយោបាយឈ្នះឈ្នះ៖ គឺបានផ្តល់ឱកាសឲ្យកម្ពុជាមានការគិតគូរដោះស្រាយត្រឹមត្រូវតាមផ្លូវច្បាប់ និងទំនាក់ទំនងអន្តរជាតិ លើបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាងឡើងវិញយ៉ាងច្បាស់លាស់ តាមដំណាក់កាល នីមួយៗ ដោយបញ្ចៀសនូវការប៉ះទង្គិច និងជម្លោះ ហើយបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍថែមទៀតនៅតំបន់ព្រំដែន។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក គឹម រស្មី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខាឆ្នាំ២០២០ ពីសំណាក់សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ពីសំណាក់នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ និងបានក្រើនរំលឹកដល់នាយទាហាន យោធាចារ្យ សិក្ខាកាម នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល កងយោធពលខេមរភូមិន្ទ៖

* ត្រូវយកចិត្តទុកដាក់ស្តាប់ដំបូន្មានសាស្រ្តាចារ្យ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា និងគោរពបទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទឲ្យបានជាដាច់ខាតតាមបទប្បបញ្ញត្តិកំណត់។ ត្រូវបន្តលុបបំបាត់វប្បធម៌អន្តរាគមន៍ ក្នុងអំឡុងពេលសិក្សាលើបញ្ហាអវត្តមានក្នុងម៉ោងសិក្សាហួសគោលការណ៍កំណត់ និងត្រូវមានឆន្ទៈប្រកួតប្រជែង ចំណេះដឹង ដណ្តើមស្នាដៃធ្វើជាគំរូល្អៗក្នុងការកសាង និងអភិវឌ្ឍកងយោធពលខេមរភូមិន្ទឲ្យកាន់តែមានភាព រីកចម្រើន។

* ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ត ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងថែមទៀត និងត្រូវយកចំណេះដឹងនេះទៅប្រើប្រាស់ក្នុងអង្គភាពរបស់ខ្លួនឲ្យបានល្អប្រសើរ។ បន្តសហការជាមួយសិក្ខាកាមវគ្គៗផ្សេងៗទៀតឲ្យទៅ ជាបណ្តាញការងាររួមគ្នាមួយ ដើម្បីប្រមូលធាតុផ្សំចូលបន្ថែម សម្រាប់ការអនុវត្តភារកិច្ចស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទឲ្យមានប្រសិទ្ធិភាព និងគុណភាព។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ឯក បានផ្តល់ជូនរង្វាន់អនុស្សាវរីយ៍សម្រាប់សិក្ខាកាម វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០២០ នូវសៀវភៅ ហ៊ុនសែនកម្ពុជា ចែកជូនដល់សិក្ខាកាមក្នុងអង្គពិធីប្រមាណជាង២០០នាក់ សម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីឲ្យកាន់តែយល់ដឹងច្បាស់ពីប្រវត្តិសាស្ត្រពិត និងវីរភាពដ៏ឧត្តុងឧត្តមរបស់ថ្នាក់ដឹកនាំ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕