(តាកែវ)៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបទំនិញក្លែងក្លាយខេត្តតាកែវ បានរកឃើញងៀតបបែលមានផ្ទុកសារធាតុគីមីប៉ូរ៉ាក់ និងទំនិញ ជាប្រភេទភេសជ្ជៈគ្រឿងកំប៉ុងម៉ាកអាដេ សាច់ប៉ាត់តេ ហួសការបរិឆ្ឆេទប្រើប្រាស់ ដែលដាក់លក់នៅផ្សារត្រាំខ្នារ ស្រុកបាទីខេត្តតាកែវ។

នៅក្នុងការចុះត្រួតពិនិត្យទំនិញនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបទំនិញ ក្លែងក្លាយខេត្តតាកែវ បានថ្លែងឲ្យដឹងថា មន្រ្តីរបស់លោកបានធ្វើតេស្តបឋមទៅលើចំណីអាហារ គ្រឿងសមុទ្រ និងបន្លែ ព្រមទាំងទំនិញជាគ្រឿងកំប៉ុងជាច្រើនមុខ ក្នុងនោះយើងបានរកឃើញវត្តមានសារធាតុគីមីបូរ៉ាក់នៅក្នុងងៀតបបែលមួយចំនួន។

លោកថា សារធាតុគីមីបូរ៉ាក់នេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ប្រជាពលរដ្ឋណា ដែលបរិភោគចំណីអាហារ ដែលមានផ្ទុកសារធាតុគីមីមួយនេះគឺបង្កឲ្យមានបញ្ហា តម្រងនោម ឈឺក្បាល រលាកប្រព័ន្ធរំលាយអាហារ ក្រពះ ពោះវៀន ថ្លើម រមាស់ស្បែក ហើយសម្រាប់មនុស្សធំពេញវ័យលាយចាប់ពីកម្រិត៧ដល់៣៥ក្រាម បណ្តាល ឲ្យស្លាប់ សម្រាប់មនុស្សចាស់ ១៥ក្រាម និងកុមារ ៥ក្រាម អាចបង្កឲ្យក្អូតធ្លាក់ឈាម និងស្លាប់បាន។

លោក លី សេរីសម្បត្តិ បានបន្ថែមទៀតថា ក្រៅពីបានធ្វើតេស្តទៅលើចំណីអាហារ រួមនឹងបន្លែខាងលើនេះ មន្រ្តីជំនាញក៏បានពិនិត្យផងដែរទៅលើគ្រឿងកំប៉ុង ដើម្បីរក មើលគ្រឿងកំប៉ុងណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសភាពចាស់ច្រេះ ពិសេសបានណែនាំទៅដល់ក្រុមអាជីវករ ឲ្យរៀបចំទុកដាក់របស់លក់ដូរ ធ្វើយ៉ាងណាលក់ឲ្យមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ជៀសវាងដាក់លក់ ត្រូវថ្ងៃ ដែលធ្វើឲ្យទំនិញនោះឆាប់ខូចគុណភាព ហើយគ្រឿងកំប៉ុងណាដែលមានសភាពមិនល្អ ឬហួស កាលបរិច្ឆេទសូមកុំដាក់លក់ជូនអតិថិជន ត្រូវយកទុកដាច់ដោយឡែកពីគ្នា ឬយកទៅបំផ្លាញចោលដោយខ្លួនឯង។

លោក លី សេរីសម្បត្តិ ក៏បានបញ្ជាក់បន្ថែមថា មន្រ្តីជំនាញ ក៏បានចុះបិទ Poster និងចែកជូនបងប្អូនប្រជាពលរដ្ឋ រួមនឹងអាជីវករ ដើម្បីឲ្យពួកគាត់បានដឹងកាន់តែច្រើន បន្ថែមទៀត ពីសុវត្ថិភាពចំណីអាហារនេះ ព្រោះនៅក្នុង Poster នេះដែរ មានរូបភាពជាច្រើនដែលបង្ហាញពីអាហារណាគួរប្រើប្រាស់ ឬយកមកបរិភោគ និងគ្រឿងកំប៉ុង ណាគួរទិញ ឬមិនគួរទិញ និងរបៀបការទុកដាក់លក់របស់អាជីវករ ហើយក្នុងនោះដែរក្នុងនាមមន្រ្តីជំនាញ ក៏សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ សូមទិញទំនិញ និងចំណីអាហារណា ដែលមានសុវត្ថិភាពខ្ពស់ មានស្តង់ដារអនាម័យត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពសាធារណៈ៕