(ភ្នំពេញ)៖ សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា ព្រះប្រធានមូលនិធិមុទិតា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ សព្វព្រះហឫទ័យយាងប្រគល់ម៉ាស៊ីនលាងឈាមចល័ត (CRRT) ១គ្រឿងដល់មន្ទីរពេទ្យព្រះកេតុមាលា សម្រាប់ព្យាបាលអ្នកជំងឺលាងឈាមកម្រិតធ្ងន់ ហើយម៉ាស៊ីនេះ គឺជាម៉ាស៊ីនទីមួយ ដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជា។

ក្នុងពិធីប្រគល់ម៉ាស៊ីនលាងឈាមចល័ត (CRRT) នេះ សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានមានព្រះបន្ទូលថា តាងនាមឱ្យមូលនិធិ មុទិតា ព្រះអង្គបានត្រៀមព្រះកាយជានិច្ច ដើម្បីជួយដល់មន្ទីរពេទ្យ ជាពិសេសកិច្ចការងារពាក់ព័ន្ធនឹងវិស័យសុខាភិបាល។ ចាប់តាំងពីបង្កើតរយៈពេលជាង៦ឆ្នាំមកនេះ មូលនិធិបានចូលចំណែកយ៉ាងច្រើន ជាមួយកិច្ចការសង្គមជាដើម។

សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានមានព្រះបន្ទូលបន្តថា នេះជាលើកទី២ ហើយដែលមូលនិធិ មុទិតា បាននាំយកសម្ភារពាក់ព័ន្ធវិស័យសុខាភិបាល ប្រគល់ជូនមន្ទីរពេទ្យព្រះកេតុមាលា។ ក្រៅពីការនាំយកសម្ភារប្រគល់ ជូនមន្ទីរពេទ្យសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានកោតសសើរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ដើម្បីពុះពារព្យាបាលអ្នកជំងឺគ្រប់ៗរូប ឱ្យជាសះស្បើយឱ្យអស់ពីលទ្ធភាព។

បើតាមអ្នកគ្រូពេទ្យ ប្រចាំមន្ទីរពេទ្យព្រះកេតុមាលា បានឱ្យដឹងថា ម៉ាស៊ីនលាងឈាមចល័ត (CRRT) គឺជាម៉ាស៊ីនលាងឈាមចល័តទីមួយ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយម៉ាស៊ីននេះ ជាផលិតផលរបស់ប្រទេសចិន ម៉ាស៊ីនលាងឈាមចល័តនេះ មានមុខងារសំខាន់ខ្លាំងណាស់ សម្រាប់ព្យាបាលអ្នកជំងឺខ្សោយតម្រង់នោមកម្រិតធ្ងន់ ពុលថ្នាំ ព្រមទាំងពុលសារធាតុអ្វីផ្សេងទៀត៕