(មណ្ឌលគិរី)៖ មន្រ្តីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF) បានថ្លែងថានាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ នៅក្នុងខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី។

នៅក្នុងអំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅដែលជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាន និងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការ WWF បានឱ្យដឹងថា នៅដងទន្លេស្រែពក និងភ្នំព្រេច ខេត្តមណ្ឌលគិរី គេបានប្រទះឃើញដានវត្តមានសត្វក្រពើភ្នំ។

កញ្ញាបានឱ្យដឹងថា សត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញវាដោយផ្ទាល់ភ្នែកណាស់។ ដោយហេតុនេះដើម្បីដឹងថាវាពិតជាមានវត្តមាននៅកម្ពុជានោះគេចាំបាច់ត្រូវតាមដានពីដានជើង, រូងរបស់វារស់នៅ ឬក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។ យ៉ាងណាក្តីសម្រាប់ស្លាកស្នាមនិងអត្តសញ្ញាណដែលគេដឹងថាសត្វប្រភេទនេះពិតជាមានវត្តមានពិត ឬក៏អត់នោះមានភាពងាយស្រួលដោយសារស្លាកស្នាមរបស់វាមានភាពច្បាស់លាស់ និងងាយស្រួលចំណាំផង។

កញ្ញា MILOU Groenenbrg បានលើកឡើងថា នៅឆ្នាំ២០១៩ គេបានធ្វើការសិក្សាស្រាវជ្រាវពីសត្វក្រពើភ្នំម្តងមកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះ គេនឹងធ្វើការសិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយជាងឆ្នាំកន្លងមក។ ចំពោះការសិក្សាស្រាវជ្រាវនេះដែរ គឺប្រយោជន៍ដើម្បីអភិរក្សក៏ដូចជាស្តារនូវពូជសត្វប្រភេទនេះឱ្យកាន់តែមានច្រើននៅកម្ពុជា។ ចំពោះការសិក្សានាឆ្នាំ២០២១នេះ ដើម្បីឱ្យបានដឹងច្បាស់លាស់ថាសត្វប្រភេទនេះមានប៉ុន្មានក្បាលហើយវាមានវត្តមាននៅទីណាខ្លះនៅកម្ពុជា។ ជាមួយគ្នាក្នុងឆ្នាំនេះដែរអង្គការរបស់ WWF នឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។

ទាក់ទិនក្នុងរឿងនេះកញ្ញា MILOU Groenenbrg បានគូសបញ្ជាក់ថា នៅតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី គឺជាទីកន្លែងល្អនៃជម្រករបស់វាដោយសារមិនទាន់មានមនុស្សចូលទៅរំខានវាដល់ទីនោះនៅឡើយទេ។ កញ្ញាបានបន្តឱ្យដឹងថាចំពោះការប្រឈមនៃសត្វក្រពើភ្នំមានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់, ការនេសាទដោយខ្សែភ្លើងឆក់ និងការរកពងក្រពើភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។ ក្រៅពីការបាត់បង់ទីជម្រក ការដែលសត្វក្រពើប្រភេទនេះបង្កាត់ពូជជាមួយសត្វក្រពើដទៃទៀតដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។

ជុំវិញបញ្ហាការស្តារសត្វក្រពើភ្នំឡើងវិញនេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់បន្ថែមថា បើសិនករណីសត្វប្រភេទនេះស្ថិតនៅក្នុងកម្រិតមួយប្រឈមនឹងការគំរាមកំហែងខ្លាំង និងពិសេសការឈានដល់បាត់បង់ពូជនោះគេនឹងធ្វើការបង្កាត់ពូជវា រួចហើយយកកូនក្រពើភ្នំទាំងនោះទៅពន្លែងក្នុងតំបន់សុវត្តិភាពដែលវារស់នៅ។ ទាក់ទិនទៅនឹងការស្តារឡើងវិញនៃសត្វប្រភេទនេះដែរគេនឹងធ្វើការជជែកជាមួយថ្នាក់គ្រប់គ្រងអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្រ្តីពាក់ព័ន្ធដើម្បីរកភាពច្បាស់លាស់មួយ។ សម្រាប់នៅតំបន់ដងទន្លេស្រែពកគឺជាទីកន្លែងល្អមួយក្នុងការស្តារសត្វប្រភេទនេះ ដោយសារតែវាជាទីតាំងតំបន់ស្នូលដែលជាកន្លែងអភិរក្សដ៏សំខាន់ ហើយក៏ស្ថិតនៅឆ្ងាយពីសហគមន៍ដែលពលរដ្ឋរស់នៅ។

ទាក់ទិនក្នុងរឿងនេះដែរ លោក នេត្រ ភក្រ្តា ដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែកពក ខេត្តមណ្ឌលគិរី បានថ្លែងថា សត្វដ៏កម្រដែលប្រឈមនឹងការបាត់បង់ពូជពិសេសសត្វក្រពើភ្នំ និងសត្វស្លាបប្រភេទសត្វខ្សឹប សត្វត្រយ៉ងយក្ស សត្វត្មាត នោះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានបានរួមសហការជាមួយដៃគូដោយមានវិធានការមួយដែលគេកំពុងធ្វើដើម្បីអភិរក្សក្នុងនោះវិធានការនៃការបង្កាត់ពូជដើម្បីបង្កើនបរិមាណសត្វកម្រនេះ និងលែងចូលធម្មជាតិ ដើម្បីរក្សានូវនិរន្តរភាពនៃវត្តមានសត្វ កម្រដែលជិតផុតទាំងអស់នៅកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា «ចំពោះវិធានការបង្កាត់ពូជនេះ គឺគេបានចាប់ផ្តើមធ្វើមានដូចជាកន្ធាយក្បាលកង្កែប អណ្តើកហ្លួងជាដើម»

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានមើលឃើញពីភាពចាំបាច់ក្នុងកិច្ចការពារសត្វប្រភេទមួយចំនួនដែលជិតផុតពូជ ឬក៏ជាការគំរាមកំហែងបំផុតនៅលើពិភពលោកក្នុងនេះដូចជាសត្វក្រពើភ្នំដែលសំបូរច្រើននៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះដូចជាសត្វទន្សោង រមាំង សត្វខ្សឹប នៅប្រទេសកម្ពុជាក៏មានចំនួនច្រើនជាងគេផងដែរ។ ហេតុនេះដើម្បីកិច្ចការពារសត្វទាំងនេះឱ្យនៅគង់វង្សតទៅមុខទៀតនោះក្រសួងចាំបាច់ត្រូវសហការជាមួយដៃគូរ អ្នកជំនាញដើម្បីរៀបចំនូវវិធានការផ្សេងៗ ក្នុងការរក្សានិរន្តភាពនៃសត្វប្រភេទនេះឱ្យគង់វង្សនៅកម្ពុជា។

លោក សេង ទៀក នាយកអង្គការ WWF បានឱ្យដឹងដែរថា ការប្រឈមមុខបាត់បង់ពូជសត្វក្រពើភ្នំមានច្រើនកត្តាក្នុងនេះដូចជាក្នុងអំឡុងក្នុងឆ្នាំ២០០៣ ដល់២០០៥ ប្រជាពលរដ្ឋបាននាំគ្នាមកប្រមូលពងរបស់វានៅតាមតំបន់ទន្លេស្រែពក ប៉ុន្តែបន្ទាប់ពីតំបន់ទន្លេស្រែពកនេះត្រូវបានគេដាក់បញ្ចូលជាតំបន់អភិរក្សធនធានធម្មជាតិស្នូល មកសកម្មភាពនេះបានលុបបំបាត់ទៅវិញ។

លោកថ្លែងដែរថាកាលពីមុនសត្វក្រពើភ្នំនេះមិនត្រូវបានគេចាប់អារម្មណ៍ទេ ប៉ុន្តែទើបតែឆ្នាំ២០១៩គេបានស្គាល់ពីសត្វប្រភេទនេះជាក់លាក់ ហើយបានធ្វើការសិក្សាស្រាវជ្រាវ និងបានអភិរក្សសត្វប្រភេទកម្រនេះឡើង។

ជាមួយគ្នានេះលោកថ្លែងអំណរគុណដល់ដៃគូរពាក់ព័ន្ធពិសេសក្រសួងបរិស្ថានដែលបានចូលរួមកិច្ចសហការក្នុងកិច្ចការពារអភិរក្សសត្វកម្រៗ នៅកម្ពុជាក៏ដូចជាពិភពលោក និងពិសេសសត្វក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងលោកឱ្យគង់វង្សនៅកម្ពុជា៕