(ស្វាយរៀង)៖ មានករណីហិង្សាមួយដោយសារបុរសម្នាក់ ពេលវិលត្រលប់ពីភ្នំពេញមកជួបប្រពន្ធកូននៅស្រុកកំណើត ស្រាប់តែមានជម្លោះ ទាស់ទែងគ្នាយ៉ាងខ្លាំង ហើយបុរសជាប្តីបានគំរាមរកអារ.កសម្លាប់ប្រពន្ធ ធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅប្តឹមេភូមិ ខណៈមេភូមិចុះមកឃាត់ក៏ត្រូវ ជនកំណាចនេះ កាប់ប្រហារមិនញញើតដៃបណ្ដាលឱ្យរងរបួសរួចហើយដុតម៉ូតូ និងដុតផ្ទះខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និង សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ផងដែរ។ 

ហេតុការណ៍គួរឱ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។ បើតាមលោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មាន ប្រពន្ធឈ្មោះ នុត រដ្ឋា អាយុ៣២ឆ្នាំ មានកូនស្រីម្នាក់ហើយក៏កំពុងមានផ្ទៃពោះម្នាក់ទៀត រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដែលទើបត្រលប់ មកពីភ្នំពេញ ។

ចំណែកលោកមេភូមិដែលរងគ្រោះមានឈ្មោះ សួស សារី ភេទប្រុសអាយុ៧០ឆ្នាំ មុខរបរមេភូមិត្របែកប្រហោង រស់នៅក្នុង ភូមិកើតហេតុខាងលើ ត្រូវជនសង្ស័យយកពូថៅកាប់ត្រូវ៦កន្លែង ហើយបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំដើម្បីធ្វើជួយសង្គ្រោះ។ ប្រភពបន្តថា ករណីនេះ ក្រៅបង្កអោយលោកមេភូមិរងរបួស ក៏បណ្ដាអោយរងនូវការខូចខាតសម្ភារមួយចំនួនទៀត រួមមានម៉ូតូហុងដាឌ្រីម សេ ១២៥ ស៊េរីឆ្នាំ២០១៣ ឆេះអស់ទាំងស្រុង និងសម្ភារផ្សេងៗមួយចំនួនទៀត។

លោកអធិការបន្តថា នៅមុនកើតហេតុជនសង្ស័យបានធ្វើដំណើរមកពីភ្នំពេញ មកលេងស្រុកកំណើតក្នុងភូមិ ឃុំកើតហេតុខាងលើ។បន្ទាប់ពីមកដល់ ផ្ទះ ជនសង្ស័យបានរករឿងឈ្លោះជាមួយប្រពន្ធ និងបានគំរាមរកអារ.កធ្វើឱ្យប្រពន្ធភ័យ ក៏បានរត់ចេញពីផ្ទះ ដើម្បីទៅប្តឹងលោកមេភូមិត្របែកប្រហោង អោយជួយអន្តរាគមន៏សម្របសម្រួល។

ក្រោយមក លោកមេភូមិបានជិះម៉ូតូមកដល់ ស្រាប់តែជនសង្ស័យបានយកពូថៅកាប់ និងវាយត្រូវក្បាល និងដងខ្លួនលោកមេភូមិបណ្ដាលឱ្យរងរបួសធ្ងន់ ហើយក៏បានយកដែកកេះ កេះដុតផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចតែម្ដង។

លោកបន្ថែមថា ករណីនេះដែរ សមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថស្រុក និងទាហានស្រុកបានឡោមព័ទ្ធដោយជនសង្ស័យមានពូថៅ ជាប់ខ្លួនមិនព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចចាប់តាមសម្រួលនោះទេ ខណៈផ្ទះកំពុងត្រូវភ្លើងឆេះយ៉ាងខ្លាំងទៀត តែទីបំផុតកំលាំងសមត្ថកិច្ចយើង បានចំណាយពេលជាង២ម៉ោង ទើបចាប់ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃដដែល ហើយបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរបន្ត។

លោកអធិការស្រុកបានបញ្ជាក់ថា ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តទឹកម៉ូដជនសង្ស័យ ជាលទ្ធផលវិជ្ជមានគឺមានសាធាតុញៀន នៅក្នុងខ្លួនផងដែ៕