(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឥណ្ឌា ពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា ដើម្បីពង្រីកការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានជជែក និងកត់សម្គាល់ពីភាពល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងឥណ្ឌា គឺមានជាយូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្ត្រ ហើយជាទំនាក់ទំនងមួយដ៏ល្អ។
លោកស្រី Devyani Uttamkhobragade បានកត់សម្គាល់ថា តាមរយៈការដឹកនាំរបស់សម្ដេចតេជោ តាមរយៈអរិយធម៌វប្បធម៌ និងសាសនា ជាមូលដ្ឋានមួយធ្វើឱ្យទំនាក់ទំនងកម្ពុជា-ឥណ្ឌា កាន់តែល្អប្រសើរ។

លោកស្រីបានបញ្ជាក់ថា ក្នុងបេសកកម្មកាទូតរបស់លោកស្រី នឹងប្រឹងប្រែងពង្រឹងពង្រីកនូវកិច្ចសហប្រតិការដែលមានស្រាប់នេះឲ្យកាន់តែរីកធំធាត់ឡើងមួយកម្រិតថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏មានទស្សនៈដូចទៅនឹងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាផងដែរថា ទំនាក់ទំនងកម្ពុជា និងឥណ្ឌា គឺមានជាយូរលង់ណាស់មកហើយហើយ។ ជាពិសេសទំនាក់ទំនងនោះ គឺមានការរីកចម្រើនល្អប្រសើរជាលំដាប់។ សម្តេចតេជោ បានរំលឹកថា នៅទសវត្សរ៍៥០ ឥណ្ឌា ជាប្រទេសដែលបានគាំទ្រកម្ពុជា ក្នុងដំណើរការទាមទារឯករាជ្យ ហើយនៅទសវត្សរ៍៨០ ឥណ្ឌា ក៏ជាប្រទេសដំបូងបំផុតដែលទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ខណៈអង្គការសហប្រជាជាតិនៅទទួលស្គាល់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត នៅឡើយ។

បើតាមសម្តេចតេជោ ហ៊ុន សែន នៅទសវត្សរ៍៨០នេះ ឥណ្ឌាមិនត្រឹមតែទទួលស្គាល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាប៉ុណ្ណោះទេ ណ្ឌាតែងតែជួយគាំទ្រនិងផ្តល់ជំនួយអង្ករ និងអភិវឌ្ឍន៍ធនធានមនុស្សដល់កម្ពុជា ព្រមទាំងជួយជួសជុលប្រាង្គប្រាសាទនៅកម្ពុជារហូតមកដល់សព្វថ្ងៃផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា នៅពេលនេះជាពេលដែលប្រទេសទាំងពីរ ត្រូវខិតខំពង្រឹង និងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចតេជោ បានលើកឡើងថា គន្លឹះល្អមួយដែលនាំដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនោះ គឺការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែធំថែមទៀត។

ដើម្បីពង្រីកវិសាលភាពឱកាសវិនិយោគនៃប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន បានស្នើឥណ្ឌាពិនិត្យលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរឱ្យបានឆាប់។

ក្នុងជំនួបពិភាក្សានាព្រឹកមិញនេះសម្តេចតេជោ និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានពិភាក្សាពីការរៀបចំព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទៅកាន់ប្រទេសឥណ្ឌានៅក្នុងពេលវេលាសមស្របមួយនាពេលខាងមុខ ដើម្បីរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត៕