(ត្បូងឃ្មុំ)៖ លោក ហាក់ សុមករា អភិបាលរងខេត្តត្បូងឃ្មុំ អនុវត្តតាមអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យ និង សហការក្រុមការងារមន្ត្រីបច្ចេកទេសនៃ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើសកម្មភាពរៀបចំតម្លើងម៉ាស៉ីនចល័តខ្នាតមធ្យមកម្លាំង ៦៥សេះ ចំនួន២គ្រឿង ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំចំការ មានផ្ទៃដីរួមចំនួន ៣៥៥ហិកតា។

ការបូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំចំការ គឺធ្វើនៅលើទីតាំងភូមិទី១ ឃុំរការខ្នុរ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយបូមចេញពីប្រភពទឹកព្រែកតាកុច មកទម្លាក់ចូលក្នុងប្រឡាយមេបឹងត្រស់ប្រវែងជាង ៤គីឡូម៉ែត្រ សម្រាប់ប្រជាពលរដ្ឋចំនួន៥ភូមិ រួមមាន ភូមិទី១-ទី២-ទី៣-ទី៤ និងភូមិទី៥ មានផ្ទៃដីនៅសងខាងប្រឡាយ ដើម្បីបូមបន្តស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងដំណាំចំការ៕