(ក្រចេះ)៖ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការកសាងផែនការរៀបចំដែនដីខេត្តក្រចេះ» បានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ នៅសកលវិទ្យាក្រចេះ ក្រោមអធិបតីលោក លឹម អ៊ីវ អគ្គនាយករង ក្រសួងរៀបចំដែនដីតំណាងលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងលោក ភឹម ភារ៉ា អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ា ថន និងមានការចូលរួមពីសំណាក់សមាជិក្រុមប្រឹក្សាខេត្ត អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត។

លោក ភឹម ភារ៉ា បានកោតសរសើរដោយស្មោះ ជូនចំពោះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ដែលបានយកចិត្តទុកដាក់ ក្នុងការផ្ដួចផ្ដើមគំនិតរៀបចំឲ្យមានសិក្ខាសាលាពិគ្រោះយោបល់ និងកំណត់ចក្ខុវិស័យ ដើម្បីរៀបចំផែនការ ប្រើប្រាស់ដីខេត្តក្រចេះ និងសូមលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ឱ្យខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីពិគ្រោះពិភាក្សាគ្នាទៅវិញទៅមក ដើម្បីជាធ្លុងមួយកំណត់យកចក្ខុវិស័យ និងយុទ្ធសាស្រ្តឲ្យចំគោលដៅ និងប្រសិទ្ធភាពខ្ពស់។

លោកបន្តថា «វគ្គសិក្ខាសាលានេះ មានគោលបំណងដើម្បីបំពេញបន្ថែមនូវចំណេះដឹង បទពិសោធន៍ ជាពិសេសយល់ដឹងអំពីជំនាញរៀបចំដែនដី និងនគរូបនីយកម្ម និងទទួលបានជោគជ័យក្នុងការរៀបចំផែនការ ប្រើប្រាស់ដី, ប្លង់គោលប្រើប្រាស់ដី និងប្លង់ប្រើប្រាស់ដីក្រុង-ស្រុក ដើម្បីរួមចំណែកប្រើប្រាស់ដីក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងដីតាមផែនការរៀបចំដី និងផែនការប្រើប្រាស់ដីប្រកបដោយសមធម៌សមភាពយេនឌ័រ ព្រមទាំងការពារ និងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់»។

លោក ភឹម ភារ៉ា បានថ្លែងអំណរគុណក្រសួងរៀបចំដែនដី និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដោយមានកិច្ចសហការពីក្រុមការងារធនាគារអភិវឌ្ឍអាស៊ី (ADB) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការរៀបចំផែនការប្រើប្រាស់ដីខេត្តក្រចេះ» ដល់ក្រុមការងារ នៃមន្ទីររៀបចំដែនដីខេត្ត និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដីខេត្ត។

លោក លឹម អ៊ីវ បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេលជិត៤ទសវត្សរ៍កន្លងមក គឺការដាក់ចេញ និងដឹកនាំអនុវត្ត ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំមកជូនដល់ប្រទេសជាតិ និងប្រជាជនកម្ពុជានូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជាត្រីវិស័យ ដើម្បីសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈសំដៅបន្តរួចចំណែកកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។

លោកថា ក្រសួងបានអនុវត្តគោលនយោបាយជាតិស្តីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាលទ្ធផល ការងាររៀបចំដែនដី និងនគរូបនីយកម្ម រហូតដល់បច្ចុប្បន្ននេះ ក្រសួងបានសហការជាមួយដៃគូអភិវឌ្ឍ ផ្តល់ការគាំទ្របច្ចេទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការកសាងផែនការរៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ដីស្ទើរគ្រប់កម្រិត។

លោកក៏បានលើកទឹកចិត្តឲ្យមានការលើកឡើងនូវមតិ និងសំណួរឲ្យបានផុលផុស ដើម្បីចូលរួមសហការធ្វើឲ្យការសិក្សាផែនការរៀបចំដែនដីខេត្តក្រចេះ ទទួលបានជោគជ័យ ភាពច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕