(ភ្នំពេញ)៖ ធនាគារជាប្រភពទុនដ៏សំខាន់របស់ប្រជាពលរដ្ឋ ក្នុងកម្ចីយកទៅបំពេញការងារ ពង្រីកអាជីវកម្ម លើកស្ទួយជីវភាពរបស់ខ្លួន។ ដោយមើលឃើញពី តម្រូវការដ៏ចាំបាច់នេះ ហត្ថា ជាគ្រឹះស្ថានធនាគារមួយនៅកម្ពុជា បានត្រៀមទុនបញ្ចេញ៤៤០លានដុល្លារអាមេរិក សម្រាប់ផ្ដល់កម្ចីជូនអតិថិជន ក្នុងឆ្នាំ២០២១នេះ។

នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថា ថ្លែងឲ្យដឹងក្នុងកម្មវិធីកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News។

លោកឧកញ៉ា ហួត អៀងតុង ថ្លែងឲ្យដឹងថា ឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ប្រមាណជាង១ឆ្នាំមកនេះ។ បន្ទាប់ពីការងើបឡើងវិញ ប្រជាពលរដ្ឋប្រាកដជាត្រូវការដើមទុនច្រើន យកទៅចាប់ផ្ដើម ឬស្ដារអាជីវកម្មរបស់ខ្លួន ដូច្នេះធនាគារហេត្ថា បានត្រៀមដើមទុនជាច្រើន ដើម្បីបំពេញតម្រូវការអតិថិជនក្នុងឆ្នាំនេះ។

លោកបានឲ្យដឹងទៀតថា «ធនាគារហត្ថា ត្រៀមទុនចំនួន៤៤០លានដុល្លារ សម្រាប់ផ្ដល់កម្ចី ដល់អតិថិជនក្នុងឆ្នាំនេះ ព្រមទាំងគ្រោងពង្រីកផលបត្រឥណទាន ខ្ទង់ប្រមាណ២៥ភាគរយ។ ឆ្នាំ២០២០ ជាឆ្នាំប្រឈមនឹងជំងឺកូវីដ១៩ ធនាគារហត្ថានៅតែជំរុញការផ្ដល់ឥណទាន ជូនអតិថិជនដែលធ្វើឲ្យឥណទាន របស់ធនាគារហត្ថា រីកចម្រើនខ្ទង់២៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩»

លោកបន្ដថា ចំណែកឯប្រាក់បញ្ញើសន្សំរបស់ហត្ថា មានកំណើនរហូតដល់៣២ភាគរយ ជាចំនួនកើនខ្ពស់ជាងឥណទាន កើនឡើងដោយសារតែក្នុងឆ្នាំ២០២០នេះ ប្រហែលជាមានវិបត្តិកូវីដ១៩ ពលរដ្ឋមិនបានយកថវិកាទៅវិនិយោគ ឬធ្វើអាជីវកម្មនោះឡើយ ទើបយកមកផ្ញើនៅធនាគារ ដើម្បីទទួលបានការប្រាក់ នេះជារឿងភ្ញាក់ផ្អើមមួយ ដែលហត្ថាទទួលបាន ព្រោះឆ្នាំកន្លងទៅធនាគារហត្ថា មិនទទួលបានកំណើនច្រើនបែបនេះឡើយ ហើយនេះជាការរីកចម្រើនមួយ និងទទួលស្គាល់ថា ជាការរីកចម្រើនក្នុងពេល មានវិបត្តិដ៏ស្មុគ្រស្មាញ។

លោកបានបន្ថែមថា ទុនដែលធនាគារហត្ថាបម្រុងទុក បម្រើប្រជាពលរដ្ឋនោះ គឺមិនមានការព្រួយបារម្ភនោះឡើយ ព្រោះហត្ថាមានម្ចាស់ភាគហ៊ុន ជាធនាគារដ៏ធំនៅប្រទេសថៃ និងជាសមាជិកធនាគារ ដ៏ធំនៅប្រទេសជប៉ុន ដូច្នេះដើមទុនដែលគ្រោងផ្ដល់ជូនអតិថិជន មិនមានការខ្វះខាតនោះឡើយ។ ចំណែកឯទុនបង្វិលផ្សេងៗទៀត តាមរយៈកេរ្ដិ៍ឈ្មោះភាគទុននិករបស់ធនាគារហត្ថា ដែលមានប្រតិបត្តិការនៅជុំវិញពិភពលោក ការចង់បង្កើនទុនបង្វិលរបស់ធនាគារធនាគារហត្ថា មិនមានការលំបាកទេ។

លោកបន្ថែមថា ធនាគារហត្ថា បានត្រៀមទុនជាច្រើន ព្រមទាំងបានបង្កើត ផលិតផលឥណទានជាច្រើនផងដែរ សម្រាប់ផ្គត់ផ្គង់សេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ។

លោកឧកញ៉ា ហួត អៀងតុង បានបញ្ជាក់ថា បន្ថែមពីនេះ ធនាគារហត្ថាមានការផ្ដល់ជូន ដ៏ពិសេសសម្រាប់អតិថិជន ក្នុងករណីប្រសិនបើមានគ្រោះមហន្ដរាយផ្សេងៗដូចជា ទឹកជំនន់, គ្រោះរាំងស្ងួតជាដើម ធនាគារហត្ថា តែងតែបង្កើនទុនមួយ សម្រាប់ជំរុញ និងសង្រ្គោះអតិថិជន បើមានបញ្ហានេះកើតឡើង ដោយធនាគារហត្ថា តែងតែផ្សព្វផ្សាយទុនពិសេសនេះ (ផលិតផលឥណទានសម្រាប់សង្គម) ដើម្បីជួយពលរដ្ឋ ដែលជួបផលប៉ះពាល់ទាំងនេះ។

ឥណទានដ៏ពិសេសនេះ ត្រូវបានភាគទុននិក និងថ្នាក់គ្រប់គ្រងធនាគារហត្ថា មានគោលដៅមួយ គឺការចូលរួមអភិវឌ្ឍន៍សង្គម ដូច្នេះធនាគារហត្ថា មានកម្មវិធី ចូលរួមអភិវឌ្ឍន៍សង្គមជារៀងរាល់ឆ្នាំ និងបានរៀបចំកញ្ចប់ថវិកាមួយចំនួនផងដែរ។

លោកឧកញ៉ា ហួត អៀងតុង ក៏បញ្ជាក់ផងដែរថា ឆ្នាំ២០២១នេះ សុខមាលភាពវិស័យធនាគារ នៅតែបន្ដភាពរឹងមាំ បន្ដភាពរឹងមាំដោយសារតែកម្ពុជា បានគ្រប់គ្រងស្ថានការណ៍ល្អប្រសើរ ចំពោះបញ្ហានៃជំងឺកូវី១៩ បូករួមជាមួយការយកចិត្តទុកដាក់យ៉ាងពេញលេញ ពីធនាគារជាតិនៃកម្ពុជា៕